(កណ្ដាល)៖ នៅថ្ងៃទី១៤ ខែតុលានេះ លោក ណុប រ័ត្ននិមល ប្រធានក្រុមការងារយុវជនគណបក្សខុទ្ទកាល័យសម្តេចតេជោ តំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំកម្លាំងបញ្ជាការដ្ឋានអង្គរក្ស កម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋានស្រុកកណ្តាលស្ទឹងជាច្រើននាក់ បានចុះត្រួតពិនិត្យ និងចាត់ចែងឱ្យកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ដែលប្រចាំការនៅសាលាក្រាំងចេក មកជួយសង្គ្រោះប្រជាពលរដ្ឋទឹកជន់លិចលំនៅដា្ឋន និងដីស្រែចម្ការរបស់ប្រជាពលរដ្ឋ ក្នុងភូមិចំនួន៤ ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ដែលកំពុងតែមានការប្រឈម និងការជន់លិចលំនៅដា្ឋននិងដីស្រែចម្ការ របស់បងប្អូនប្រជាពលរដ្ឋបន្ទាប់ពីភ្លៀងធ្លាក់មិនឈប់នោះ។
លោក ណុប រ័ត្ននិមល បានផ្ដាំផ្ញើរការសាកសួរសុខទុក្ខពីនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលតែងតែគិតគូរយកចិត្តទុកដាក់មកចំពោះប្រជាពលរដ្ឋ ដែលរងគ្រោះនៅស្រុកកណ្ដាលស្ទឹងនេះ។
លោកបានថ្លែងបន្តថា អនុវត្តន៍តាមបទបញ្ជារបស់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកកណ្តាលស្ទឹង បានបញ្ជាឱ្យក្រុមការងារចុះជួយឃុំទាំង១៨ឃុំ ក្នុងស្រុកកណ្តាលស្ទឹងទាំងអស់ ត្រូវយកចិត្តទុកក្ខដាក់ និងមានការប្រុងប្រយ័ត្នខ្ពស់ ចុះត្រួតពិនិត្យ តាមដានស្ថានភាពទឹកជំនន់ ឬបញ្ហាប្រឈមនានា នៅតាមបណ្តាឃុំរបស់ខ្លួនសំដៅជួយបងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
លោក ណុប រ័ត្ននិមល បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសពេលទឹកជន់លិចខ្លាំង អាចមានសត្វអសិរពិសផ្សេងៗចូលផ្ទះសម្បែង ដែលអាចបង្ករឱ្យ មានគ្រោះថ្នាក់ដល់អាយុជីវិត និងមើលថែរក្សាសុខភាពឲ្យបានល្អ ពិសេសបលមានស្ថានភាពសុខភាពមិនស្រួល ត្រូវប្រញ៉ាប់រួសរាន់ប្រាប់មកអាជ្ញាធរមូលដ្ឋានបន្ទាន់៕