(ភ្នំពេញ)៖ ជាព្រះករុណទិគុណដ៏ឧត្តុង្គឧត្តមក្រៃលែងណាស់ ដែលសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជហឫទ័យប្រទានសៀវភៅមួយក្បាលដល់អង្គភាពព័ត៌មាន Fresh News បន្ទាប់ពីសៀវភៅដ៏សំខាន់នេះត្រូវបានរៀបរៀង និងបោះពុម្ពរួចរាល់។
សៀវភៅមួយក្បាលនេះមានចំណងជើងថា «សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល៖ ព្រះរាជដំណើរជីវិតពោរពេញទៅដោយព្រឹត្តិការណ៍» ដែលចារឹកឡើងជាពណ៌សុវណ្ណភ្លឹបភ្លែត រំលេចលើក្របពណ៌បៃតងស្រស់ស្រទន់។ ផ្នែកកណ្ដាលនៃសៀវភៅបានរំលេចនូវរូបភាពរបស់សម្ដេចម៉ែទ្រង់ព្រះសម្រួល (សើច) យ៉ាងរួសរាយរាក់ទាក់ នាឱកាសយាងចុះជួបជាមួយប្រជានុរាស្ត្រខ្មែរ។ បើក្រឡេកទៅផ្នែកខាងលើនៃក្របសៀវភៅ ក៏មានរំលេចនូវរូប «ព្រះរាជសង្ហារ» លោមពណ៌សុវណ្ណយ៉ាងរស់រវើកឆើតឆាយ ខណៈផ្នែកទាំងអស់ត្រូវបានរចនាឡើងឱ្យស្ថិតក្នុងរង្វង់ខ្សែវ័ណ្ដពណ៌ស៉ីជម្ពូគួរគាប់នេត្រា។
សៀវភៅកម្រាស់ជាង ៨០ ទំព័រនេះ មិនមែនជាការរៀបរាប់អំពីព្រះរាជជីវប្រវត្តិរបស់សម្ដេចព្រះមហាក្សត្រី ព្រះមាតាជាតិខ្មែរ សុទ្ធសាធនោះឡើយ ផ្ទុយទៅវិញគឺបានពិពណ៌នារំលេចឡើងនូវព្រះរាជហឫទ័យភក្ដី និងប្ដេជ្ញាចំពោះព្រះរាជកាតព្វកិច្ចរបស់ព្រះអង្គ ដែលជាព្រះរាជក្សត្រីដ៏ឆ្នើមមួយព្រះអង្គ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨០ ព្រះវស្សា។
សៀវភៅនេះផងដែរក៏បានរៀបរាប់អំពីព្រះរាជសកម្មភាពរបស់សម្ដេចព្រះវររាជមាតាជាតិខ្មែរ ជាមួយព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ រួមជាមួយព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះរៀម ព្រមទាំងឧត្តមមន្ត្រី ឥស្សរជន អ្នកមុខអ្នកការជាតិ-អន្តរជាតិជាច្រើនរូបទៀតផងដែរ៕