(ព្រៃវែង)៖ កម្លាំងនគរបាលមូលដ្ឋាន ស្រុកពាមជរ៍ ខេត្តព្រៃវែង បានស្ទាក់ចាប់មុខសញ្ញាប្លន់ ប្រដាប់អាវុធម្នាក់ ដកហូតកាំភ្លើង AK មួយដើមច្រកក្នុងបាវ អមដោយបង់មួយ មាន២៩គ្រាប់ ដែលជននេះប្រុងចេញធ្វើសកម្មភាពនៅទីន្លែងណាមួយ។
ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ ស្រេង ជា បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០១៦នេះថា «យប់មិញយើងឃាត់ជនល្មើសម្នាក់ ឈ្មោះ សំ ធី អាយុ៤៦ឆ្នាំរស់នៅភូមិព្រែកក្របៅ ឃុំព្រែកសំរោង ស្រុកស្អាងខេត្តកណ្តាល ដែលបានជិះម៉ូតូដឹកបាវមួយ ពេលសមត្ថកិច្ចយើង ក៏ស្ទាក់ចាប់ឆែកឆេរ ក៏ប្រទះឃើញអាវុធ AK កាត់ស្វាយ១ដើម គ្រាប់២៩គ្រាប់»។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ទៀតថា ជនសង្ស័យរូបនេះ បានឆ្លងកាត់ចំណុចភូមិវាល្បងឃុំអង្គអង់ ស្រុកពាមជរ៍ ហើយបច្ចុប្បន្នយើងចាប់ខ្លួនបញ្ជូនមកស្រុកពាមជរ៍ (ជនល្មើស សង្ស័យមុខសញ្ញាប្លន់ នៅខេត្តកណ្តាលកំពុងរត់គេចខ្លួន)។
ស្នងការខេត្តព្រៃវែង បានបញ្ជាក់ថា កម្លាំងនគរបាលតាមមូលដ្ឋាន គឺបានចុះល្បាតជាប្រចាំ ទាំងយប់ទាំងថ្ងៃ ដើម្បីពង្រឹងបញ្ហាសន្តិសុខ និងងាយស្រួលអន្តរាគមន៍ភ្លាមៗ នៅពេលមានបទល្មើសអ្វីមួយកើតឡើត និងដើម្បីឲ្យប្រជាពលរដ្ឋទូទៅ ធ្វើដំណើរដោយស្ងប់ចិត្ត៕