(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ សូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ថវិកា៥ម៉ឺនដុល្លារ សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ ដោយសារទឹកជំនន់នៅក្នុងខេត្តកំពង់ធំ និងខេត្តចំនួន៣ទៀត។

លោកអភិបាលខេត្តបានថ្លែងថា «ខ្ញុំបាទ សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ តំណាងឲ្យប្រជាពលរដ្ឋក្នុងទាំងមូល ព្រមទាំងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានផ្ដល់ថវិកាចំនួន ៥ម៉ឺនដុល្លារ សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅក្នុងខេត្ត»

ជាមួយគ្នានេះ លោកក៏បានគោរពដឹងគុណជានិច្ចចំពោះទឹកចិត្តសប្បុរសរបស់សម្តេច ដែលតែងតែយកចិត្តទុកដាក់សន្តោសប្រណីអាណិតស្រឡាញ់ដល់ប្រជាពលរដ្ឋគ្រប់រូប។ សូមគោរពជូនពរ សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី បានប្រកបដោយពុទ្ធពរទាំងឡាយបួនប្រការគឺៈ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ចេញថវិកាសប្បុរសធម៌ ដោយផ្តល់ជូនដល់រាជធានី-ខេត្ត ដែលរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរចំនួន៥ ក្នុងមួយរាជធានី-ខេត្តចំនួន១០ម៉ឺនដុល្លារ តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ដើម្បីដោះស្រាយបញ្ហាចំពោះមុខ។

បើតាមលោកទេសរដ្ឋមន្រ្តី គន់ គីម, រាជធានី-ខេត្តចំនួន៦ ដែលនឹងត្រូវទទួលបានថវិកាដើម្បីដោះស្រាយបញ្ហាចំពោះមុខនាពេលនេះ មានខេត្តបាត់ដំបង ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ និងរាជធានីភ្នំពេញជាដើម។

សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀង ដែលបង្កឡើងដោយព្យុះបន្តបន្ទាប់កន្លងមកនេះ បាននិងកំពុងវាយលុក នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា បង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិរដ្ឋ-ឯកជនមួយចំនួនផងដែរ។

ឆ្លើយតបនឹងស្ថានភាពនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ជំរុញឱ្យក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់សង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងជំរុញចាត់វិធានការចាំបាច់នានា និងដឹកនាំកម្លាំងក្នុងការចេញទៅជួយសង្គ្រោះប្រជាពលរដ្ឋ តាមភូមិសាស្ត្រ ដែលទទួលខុសត្រូវ ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវការលំបាក និងផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិនានា។

ជាមួយនឹងការអំពាវនាវ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណផងដែរ ដល់សប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភជួយដល់ប្រជាពលរដ្ឋ ដែលកំពុងទទួលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង តាមរយៈរាជរដ្ឋាភិបាលកម្ពុជា៕