(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគ បរិភោគទៅផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង រស់នៅភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចំនួន ២០គ្រួសារ។
នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែ យកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរ អ្វីទាំងអស់។ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
បន្ទាប់មក លោក ឌី រ័ត្នខេមរុណ សូមឲ្យបងប្អូនទាំងអស់យកចិត្តទុកដាក់ពីសុខភាព ត្រូវមានអនាម័យ ពិសារទឹកដាំពុះ ដើម្បីជៀសវាងកុំឲ្យឆ្លងជំងឺ អាសន្នរោគផ្សេងៗ និងសូមប្រុងប្រយត័្នចំពោះ ក្មេងតូចៗកុំឲ្យលេងទឹក ក្នុងពេលដែរជំនន់ទឹកភ្លៀងនេះ។ ម្យ៉ាងវិញទៀត លោកប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ បានផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់បឹងទំពុនទី២ ដែររស់នៅក្នុងខណ្ឌមានជ័យ សូមកុំមានការភ័យខ្លាច បាត់បង់ស្មារតីដោយសារទឹកជំនន់ទឹកភ្លៀងនេះ ពីព្រោះនៅមានអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេស មានសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅចាំជួយបងប្អូនជានិច្ច តាមរយៈការគិតគូរចុះសួរសុខទុក្ខនិង ផ្តល់ជំនួយឧបត្ថម្ភ ទូទាំងប្រទេសកម្ពុជា មិនឲ្យមានគ្រោះថ្នាក់ដោយ ប្រការណាមួយជាដាច់ខាត។
អំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមខណ្ឌ ដែលទទួលបានក្នុងមួយគ្រួសារ មានទឹកសុទ្ធ ១យួរ, ទឹកស៊ីអ៉ីវ ២ដប, មី ១០កញ្ចប់, ស្ករស ៦កញ្ចប់, ទឹកដោះគោ ៤កំប៉ុង រួមទាំងថវិកា ២០,០០០រៀល៕