(ភ្នំពេញ)៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការអាជ្ញាធរដែនដី មន្ទីរអង្គភាពជុំវិញរាជធានីភ្នំពេញ បានផ្តើមធ្វើអង្គកឋិនទានសាមគ្គីដង្ហែទៅវេរប្រគេន ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមា វត្តព្រះបារមីវង្គតបូរីកបិលភ័ស្ថ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដើម្បីប្រមូលបច្ច័យកសាងព្រះវិហារ និងឧបដ្ឋានសាលា ដែលកំពុងបន្តការសាងសង់នៅឡើយ។
នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ក្នុងបរិវេណសាលាក្រុងភ្នំពេញ មានការអញ្ជើញចូលរួមពីលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងមន្ត្រីរាជការ ដោយមានការជួបជុំពុទ្ធបរិសទ័ប្រារព្វពិធីក្រុងពាលី និងនមៈសិកាព្រះរតនៈត្រយ័សមាទានសីល និមន្តព្រះសង្ឃចំរើន ព្រះបរិតនិងសម្តែងធម៌ទេសនា និងមានការចូលចាប់មគ្គផលតាមកំលាំងសទ្ធាជ្រះថ្លារៀងៗខ្លួន និងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតា បិតា ញាតិការទាំង៧សណ្តាននិងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធវីរៈយុទ្ធជន វីរៈយុទ្ធនារីដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ។
ពិធីបុណ្យកឋិនទាន បានប្រតិស្ថានតាំងពីជាង២៥០០ឆ្នាំមុននា សម័យកាលដែលព្រះពុទ្ធអង្គព្រះសម្មាសម្ពុធ្ធបរមគ្រូគង់នៅ និងបានព្រះរាជទានអនុញ្ញាតឲ្យពុទ្ធបរិសទ័ប្រារព្ធពិធីនេះឡើង ដើម្បីនាំយកចីវរទានដែលមានអង្គសំខាន់៣ គឺស្បង់ចីវរ និងសង្ឃាដី ទៅវេរប្រគេនព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាតាមទីអារាមនានា។
ប្រជាពុទ្ធបរិសទ្ធគ្រប់មជ្ឈដ្ឋានគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា អនុមោទនាដោយសទ្ធាជ្រះថ្លាដ៏បរិសុទ្ធបានចាប់ផ្តើមប្រារព្វពិធីបុណ្យកឋិនទាន តាមពុទ្ធានុញ្ជាតិដោយសប្បាយរីករាយ និងប្រកបដោយមោទនៈភាព ជ្រះថ្លាចំពោះសិទ្ធិសេរីភាពពេញលេញនៅក្នុងជំនឿសាសនា ក៏ដូចជានៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃនាសម័យតេជោ ដែលពោរពេញដោយសុខសន្តិភាព ស្ថេរភាព និងមានការអភិវឌ្ឍន៏រីកចំរើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យ៕