(ភ្នំពេញ)៖ មុខសញ្ញាជួញដូរគ្រឿងញៀន ជនជាតិចិន៣នាក់ និងជនជាតិវៀតណាមម្នាក់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន នៅសណ្ឋាគារ សុខា (Hotel Sokha) ត្រើយខាងកើត សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដោយដកហូតថ្នាំជាងកន្លះគីឡូក្រាម នៅយប់ថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០១៦។
ស្នងការរងនគរបាលរាជធានីភ្នំពេញ លោក ប៊ន សំអាត ដែលដឹកនាំកម្លាំងចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនខាងលើនេះ បានបញ្ជាក់ថា ក្រោយខាងសណ្ឋាគារ រាយការណ៍អំពីករណីគ្រឿងញៀននេះភ្លាម លោកបានដឹកនាំកម្លាំងនគរបាលជំនាញ និងនគរបាលមូលដ្ឋាន ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ស្នងការ និងមានការម្របសម្រួលពីព្រះរាជអាជ្ញាផងនោះ បានចុះទៅឆែកឆេរបន្ទប់ នៃសណ្ឋាគារសុខា រហូតចាប់បានជនសង្ស័យ៤នាក់ មាន៣នាក់ជាជនជាតិចិន និងម្នាក់ជាជនជាតិវៀតណាម ហើយក៏មានស្រ្តីម្នាក់ផងដែរ ។
ក្រោយការបង្ក្រាប និងចាប់ខ្លួន ជនសង្ស័យទាំង៤នាក់ ត្រូវបានបញ្ជូនមកកាន់ការិយាល័យជំនាញ ដើម្បីបន្តការសួរនាំ និងចាត់ការតាមច្បាប់បន្តទៀត ។
ស្នងការរងរូបនេះ ក៏សូមអំពាវនាវដល់ម្ចាស់ផ្ទះសំណាក់ និងម្ចាស់សណ្ឋាគារទាំងអស់ចូលរួម សហការជាមួយកងកម្លាំងសមត្ថកិច្ចរបស់លោក ពោលនៅពេលឃើញមានជនណាដែលគួរឲ្យសង្ស័យចូលដេកនោះ ត្រូវរាយការណ៍ជាបន្ទាន់ ដើម្បីចុះទៅបង្ក្រាប។