(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានផ្ដួចផ្ដើមបង្កើតសេចក្ដីព្រាងផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ និងដំណាក់ក្រោយវិបត្តិ ដែលមានរយៈពេល៥ឆ្នាំ (២០២០-២០២៥)។
ដើម្បីសម្រេចបានផែនដីចង្អុលផ្លូវខាងលើ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងទេសចរណ៍បានជួបប្រជុំពិគ្រោះពិភាក្សាជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មុននឹងដាក់ឆ្លងគណៈកម្មការជាតិអភិវឌ្ឍន៍ទេសចរណ៍ នាពេលខាងមុខ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការជាតិអភិវឌ្ឍន៍ទេសចរណ៍ ហើយនឹងបន្តដាក់ឆ្លងរាជរដ្ឋាភិបាលនាពេលខាងមុខនេះផងដែរ។
លោករដ្ឋមន្ត្រី ថោង ខុន ឱ្យដឹងថា សៀវភៅផែនទីចង្អុលផ្លូវនេះមាន ៣ ដំណាក់កាល៖
* ដំណាក់កាល់ទី១ ជាការគ្រប់គ្រងវិបត្តិក្នុងដំណាក់កាលប្រក្រតីកម្មថ្មី (New Normal) និងរៀបចំផែនការសម្រាប់ការស្តារឡើងវិញ
* ដំណាក់កាលទី២ ជាការស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩
* ដំណាក់កាលទី៣ ជាការរៀបចំឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យទេសចរណ៍។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានស្នើទៅកាន់អង្គប្រជុំដែលមានការចូលរួមពីផ្នែកសាធារណៈ និងផ្នែកឯកជន ឱ្យចូលរួមអនុវត្តការងារមួយចំនួន រួមមាន៖
ទី១៖ បន្តជំរុញវិធានការគាំទ្រផ្នែកសេដ្ឋកិច្ច និងការងារ ពិសេសជំរុញការផ្តល់ជាកញ្ចប់ថវិកា ឬមូលនិធិរបស់រាជរដ្ឋាភិបាលជួយដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុង វិស័យទេសចរណ៍ និងសហគ្រិនវ័យក្មេងក្នុងវិស័យទេសចរណ៍ដែលមានគំនិតច្នៃប្រឌិត ព្រមជាមួយនឹងការពង្រីកការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យទេសចរណ៍បន្ថែម និងរក្សាការងារឱ្យបានអតិបរមា។
ទី២៖ បន្តអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ក្នុងជំហានទី១ និងដាក់ចេញជំហានបន្តបន្ទាប់ទៀតប្រកបដោយប្រសិទ្ធភាពខ្ពស់។
ទី៣៖ ផ្សព្វផ្សាយទេសចរណ៍កម្ពុជាឱ្យបានច្រើន ដើម្បីបង្កើនភាពជឿទុកចិត្ត និងភាពជឿជាក់ តាមរយៈការផ្សព្វផ្សាយតាមថ្នាលឌីជីថលផ្សេងៗគ្នាទៅតាមទីផ្សារអាទិភាពនីមួយៗ (ក្រៅពីការផ្សព្វផ្សាយបច្ចុប្បន្ន) ពិសេសផ្សព្វផ្សាយប្រកបដោយគុណភាព និងជំនាញទៅតាមគោលដៅអាទិភាព និងពង្រឹងតួនាទីរបស់មណ្ឌលព័ត៌មានទេសចរណ៍ និងមន្ទីរទេសចរណ៍តាមរាជធានី-ខេត្ត ដើម្បីផ្សព្វផ្សាយឱ្យកាន់តែច្រើន។
ទី៤៖ ជំរុញចលនាទេសចរណ៍ក្នុងស្រុក និងទេសចរណ៍ផ្ទៃក្នុង តាមរយៈការបង្កើតកញ្ចប់ទស្សនកិច្ចថ្មីៗ ដែលមានភាពទាក់ទាញ និងកំណត់តម្លៃសមរម្យ។
ទី៥៖ ពិពិធកម្មផលិតផលទេសចរណ៍ថ្មីៗ តាមតំបន់អាទិភាពនានា រួមមានរាជធានីភ្នំពេញ និងតំបន់ជុំវិញ ខេត្តសៀមរាប និងតំបន់ជុំវិញ តំបន់ឆ្នេរសមុទ្រ និងតំបន់ជុំវិញ តំបន់ឦសាន និងតំបន់ជុំវិញ ស្របតាមទស្សនទាន «ស្អាត និងបៃតង»។
ទី៦៖ រៀបចំបង្កើត និងអនុវត្តយន្តការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ពិសេសភ្ញៀវទេសចរមកពីបណ្តាប្រទេសអាស៊ាន និងអាស៊ានបូកបី តាមរយៈការរៀបចំ Green Travel Bubble ការរៀបចំការធ្វើដំណើរទេសចរណ៍ដោយខ្លួនឯង និងការបង្កើតឱ្យមានទិដ្ឋាការពិសេស សម្រាប់ការធ្វើដំណើររយៈពេលយូរជាដើម។
ទី៧៖ រៀបចំយន្តការដឹកនាំ និងអនុវត្តដែលមានសមត្ថកិច្ចពេញលេញ និងសិទ្ធិសម្រេចក្នុងការអនុវត្តសកម្មភាពយុទ្ធសាស្ត្រនៃផែនទីចង្អុលផ្លូវប្រកបដោយប្រសិទ្ធភាព។
អង្គប្រជុំឯកភាពថាការរៀបចំផែនទីចង្អុលផ្លូវនេះនឹងក្លាយជាយន្តការដ៏មានសារៈសំខាន់ចាំបាច់ សម្រាប់ការឆ្លើយតបទៅនឹងស្ថានភាពនាពេលបច្ចុប្បន្ន ក៏ដូចជាអនាគតដែលជាផ្នែកមួយសំខាន់នៃចក្ខុវិស័យកម្ពុជានឹងត្រូវសម្រេចឱ្យបាន ខណៈវិស័យឯកជនក៏បានបង្ហាញការគាំទ្រភាគច្រើនជាមួយផែនការសកម្មភាព ដែលក្រសួងទេសចរណ៍បានលើកឡើងក្នុងសេចក្តីព្រាងផែនទីចង្អុលផ្លូវរួចហើយ។
បើតាមលោក ណេប សាមុត ផែនទីចង្អុលផ្លូវនេះគ្រោងនឹងដាក់ឆ្លងគណៈកម្មាការជាតិអភិវឌ្ឍទេសចរណ៍ នៅកំលុងខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខ ដើម្បីពិនិត្យមុននឹងដាក់ឆ្លងការសម្រេចពីរាជរដ្ឋាភិបាល។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍ក៏កំពុងតែគិតលើការត្រៀមទទួលទេសចរបរទេស តាមរយៈការរៀបចំកញ្ចប់ទស្សនកិច្ច Green Travel Bubble ខណៈបច្ចុប្បន្នកម្ពុជាកំពុងពិភាក្សាជាមួយចិន ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី ថៃ និងវៀតណាម។ ក្រៅពីនេះ ក៏មានការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យទេសចរណ៍បន្ថែមផងដែរ ដូចជាការបង្រៀនតាមប្រព័ន្ធអនឡាញជាជំហានៗជាដើម៕