(ពោធិ៍សាត់)៖ លោក គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះថា រហូតមកដល់ពេលនេះ មានរាជធានី-ខេត្តចំនួន១៩ បានរងផលប៉ះពាល់ដោយសារទឹកជំនន់ និងមានប្រជាជនជិត៤ម៉ឺនគ្រួសាររងផលប៉ះពាល់ ខណៈខេត្តចំនួន៤ រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។
ទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រហូតមកដល់ថ្ងៃនេះ យើងប៉ះពាល់ដោយសារទឹកភ្លៀងដែលវាជន់ នៅទូទាំងប្រទេសដែលមានការប៉ះពាល់ប្រមាណ ១៩ខេត្ត ក៏ប៉ុន្តែ ក្នុងចំណោម១៩ខេត្ត មានខេត្តដែលប៉ះពាល់ធ្ងន់ធ្ងរប្រមាណ៤ ឬ ៥ខេត្ត ដែលចាំបាច់ត្រូវអន្តរាគមន៍។ នៅក្នុងចំណោម ១៩ខេត្តនេះ មានប្រជាជនដែលរងផលប៉ះពាល់ជិត ៤ម៉ឺនគ្រួសារ ហើយមានប្រជាជនជាង១១ម៉ឺននាក់ ត្រូវប៉ះពាល់»។
បើតាមលោកទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងថា «រយៈពេលប៉ុន្មានថ្ងៃនេះ ក្រុមការងារចម្រុះបានជួយជម្លៀសឱក្យមកស្នាក់នៅលើទីទួលសុវត្ថិភាព មានចំនួនប្រមាណ ៣ពាន់គ្រួសារ ដែលមានប្រជាជនជាង ១ម៉ឺននាក់។ ក្រៅពីនោះទឹកជំនន់នេះ បានបង្កផលប៉ះពាល់ដល់ផ្ទះប្រជាជន ប្រមាណ៤ម៉ឺនខ្នងផ្ទះ ក្នុងរាជធានី-ខេត្ត ទាំង១៩, សាលារៀនជាង ៣០០សាលា ត្រូវបានជន់លិច ព្រមទាំងដាំណាំស្រូវ ១១៦ពាន់ហិកតា បន្ថែមពីនេះមានដំណាំរួមផ្សំជិត ៦ម៉ឺនហិកតាផងដែរ»។
ក្នុងនោះមានផ្លូវជាតិ និងផ្លូវខេត្តប្រមាណជាង ១៩០គីឡូម៉ែត្រ ត្រូវរងផលប៉ះពាលពីគ្រោះទឹកជំនន់នេះផងដែរ។ នេះគឺជាលទ្ធផលសរុបដែលទទួលបានពីលេខាធិការដ្ឋានខេត្តទាំង១៩ ទើបទទួលបាន។
បើតាមទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ថា ខេត្តដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេមាន៤ខេត្តរួមមាន៖ ខេត្តពោធិ៍សាត់, ខេត្តបាត់ដំ បង, ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន ហើយចុងក្រោយនេះទឹកជំនន់បានបែរមករាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ចេញថវិកាសប្បុរសធម៌ ដោយផ្តល់ជូនដល់រាជធានី-ខេត្ត ដែលរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរចំនួន៦ ក្នុងមួយរាជធានី-ខេត្តចំនួន១០ម៉ឺនដុល្លារ តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ដើម្បីដោះស្រាយបញ្ហាចំពោះមុខ។
បើតាមលោកទេសរដ្ឋមន្រ្តី គន់ គីម, រាជធានី-ខេត្តចំនួន៦ ដែលនឹងត្រូវទទួលបានថវិកាដើម្បីដោះស្រាយបញ្ហាចំពោះមុខនាពេលនេះ មានខេត្តបាត់ដំបង ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ កំពង់ស្ពឺ និងរាជធានីភ្នំពេញជាដើម។
សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀង ដែលបង្កឡើងដោយព្យុះបន្តបន្ទាប់កន្លងមកនេះ បាននិងកំពុងវាយលុក នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា បង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិរដ្ឋ-ឯកជនមួយចំនួនផងដែរ។
ឆ្លើយតបនឹងស្ថានភាពនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ជំរុញឱ្យក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់សង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងជំរុញចាត់វិធានការចាំបាច់នានា និងដឹកនាំកម្លាំងក្នុងការចេញទៅជួយសង្គ្រោះប្រជាពលរដ្ឋ តាមភូមិសាស្ត្រ ដែលទទួលខុសត្រូវ ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវការលំបាក និងផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិនានា។
ជាមួយនឹងការអំពាវនាវ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណផងដែរ ដល់សប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភជួយដល់ប្រជាពលរដ្ឋ ដែលកំពុងទទួលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង តាមរយៈរាជរដ្ឋាភិបាលកម្ពុជា៕