(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បានដឹកនាំមន្ត្រីជំនាញ មន្ទីរពាក់ព័ន្ធពិនិត្យវឌ្ឍនភាពនៃការសាងសង់ប្រព័ន្ធលូបណ្តោះទឹក ចេញពីក្រុងកំពង់ចាម ដែលបានស្រុតបាក់ កាលពីពេលកន្លងទៅ នៅចំណុចសួនច្បារមាត់ទន្លេភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម។
មន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ចាម បានឲ្យដឹងថា ដោយសារជំនន់ទឹកភ្លៀង បានធ្វើឱ្យទឹកទន្លេមេគង្គមានកំពស់ ១០,៦២ ម៉ែត្រ ពោលគឺឡើង ០,៣៤ ម៉ែត្រ គិតត្រឹមព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។ ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត បានដឹកនាំមន្ត្រីមន្ទីរពាក់ព័ន្ធ ចុះពិនិត្យក្នុងគោលបំណងពន្លឿន ការសាងសង់ប្រពន្ធលូបណ្តោះទឹកចេញពីក្រុងកំពង់ចាម ដែលបានស្រុតបាក់ កាលពីពេលកន្លងទៅ នៅចំណុចសួនច្បារមាត់ទន្លេ។
យ៉ាងណាក៏ដោយ តាមមន្ត្រីបច្ចេកទេសបានឲ្យដឹងដែរថា បច្ចុប្បន្ននេះការស្ថាបនាប្រព័ន្ធលូបង្ហូរទឹកចេញពីក្រុងកំពង់ចាមបានលទ្ធផលជាង ២០ភាគរយហើយ។ ដោយចាក់បេតុង ជុំវិញចង្កេះប្រព័ន្ធលូថ្មី និងចាក់បេតុងគ្រប់ពីលើមួយជាន់ទៀតមានប្រវែង ៨០ម៉ែត្រ ចាប់ពីមាត់អណ្ដូងលូចាស់ ទៅដល់ក្នុងទន្លេ ហើយត្រូវប្រើប្រាស់ប្រព័ន្ធលូមុខ៣ ដែលមុខកាត់លូនីមួយៗ មានទំហំ ០,៨ ម៉ែត្រ និងសង់អណ្ដូងលូបណ្ដែតចំនួន២បន្ថែមទៀតដើម្បីការពារការស្ទះទឹកហូរ។
គួររំលឹកផងដែរថា កាលពីវេលារំលងអាធ្រាត្រ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ នៅចំណុចលូរបង្ហូរទឹក នៃសួនច្បារមាត់ទន្លេនោះ បានបាក់ស្រុត ហើយករណីនោះ ត្រូវបានមន្ត្រីជំនាញសន្និដ្ឋានថា បណ្ដាលមកពីប្រព័ន្ធលូបង្ហូរទឹក មានសភាពចាស់ទ្រុឌទ្រោម ទៅហើយ ពោលគឺ ប្រព័ន្ធលូនេះបានសាងសង់ឡើងតាំងពីជំនាន់អាណានិគមបារាំងមកម្ល៉េះ ម្យ៉ាងទៀតនៅយប់កើតហេតុ គឺមានភ្លៀងធ្លាក់យ៉ាងខ្លាំងផងដែរ៕