(សៀមរាប)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ អមដំណើរដោយលោករដ្ឋលេខាធិការ និងសហការីមួយចំនួនទៀត បានចុះសិក្សាស្វែងយល់ ពីការងាររៀបចំអភិវឌ្ឍន៍នានា នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។
ក្នុងនោះលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណចំពោះវត្តមានរបស់លោករដ្ឋមន្ត្រី និងសហការី ព្រមទាំងបានរាយការណ៍ពីការងារ ផ្សេងៗ ដែលអាជ្ញាធរជាតិអប្សរាបាននិងកំពុងរៀបចំកែលម្អសោភ័ណភាពបរិវេណមុខប្រាសាទអង្គរវត្ត ដូចជាការរៀបចំដាំដើមឈើ ការរៀបចំផ្លូវ និងប្រព័ន្ធបង្ហូរទឹក ការរៀបចំបរិស្ថានជុំវិញត្រពាំង សេស ការរៀបចំចំណតរថយន្ត និងតូបលក់ដូរ និងកិច្ចការងារផ្សេងៗទៀតក្នុងន័យធ្វើឱ្យតំបន់នេះមានភាពទាក់ទាញ មានរបៀបរៀបរយ និងសាកសមជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិ។
ក្នុងឱកាសនោះដែរ លោក ខៀវ កាញារីទ្ធ បានសម្ដែងអារម្មណ៍រីករាយ និងគាំទ្រទៅនឹងសមិទ្ធផលដែលកើតឡើងពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា ព្រមទាំងរំពឹងថាការរៀបចំនេះនឹងក្លាយជាប្រយោជន៍ដ៏ធំរបស់ជាតិនាពេលខាងមុខ។
លោករដ្ឋមន្រ្តីក៏បានលើកទឹកចិត្តដល់អាជ្ញាធរជាតិអប្សរាឱ្យបន្តធ្វើកិច្ចការទាំងនេះបន្ថែមទៀត ដើម្បីជាប្រយោជន៍ និងមុខមាត់របស់ប្រទេសជាតិ ពិសេសទាក់ទាញភ្ញៀវទេសចរមកកាន់រមណីយដ្ឋានអង្គរ៕