(ភ្នំពេញ)៖ ជនមានពិការភាពក៏ត្រូវការ ភាពរុងរឿង ជីវិតល្អប្រសើរ និងមានឱកាសគ្រប់យ៉ាង ព្រមទាំងសិទ្ធិសេរីភាព ដូចជនមិនមានពិការភាពដែរ។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ សង្គមមានការផ្លាស់ប្តូរបែបវិជ្ជមានជាច្រើនពីការលើកកម្ពស់សិទ្ធិជនមានពិការភាព, ការផ្តល់ឱកាសស្មើគ្នា និងការផ្តល់សេវាប្រកបដោយគុណភាព គឺជាការធានាបាននូវគុណភាពជីវិតល្អប្រសើរសម្រាប់ជនមានពិការ។
នេះជាការលើកឡើងរបស់ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន
ក្រុមប្រឹក្សាសកម្មភាពជនពិការ ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ផែនការយុទ្ធសាស្ត្រជាតិស្តីពី ពិការភាព ឆ្នាំ២០១៩-២០២៣ និងបទដ្ឋានបច្ចេកទេសហេដ្ឋារចនា សម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នាទីស្តីការក្រសួងមហាផ្ទៃ។
លោក ឯម ច័ន្ទមករា បានបន្ថែមថា ការកសាងសង្គមមួយ ដែលយកចិត្តទុកដាក់ និងផ្តល់តម្លៃដល់ជនមានពិការភាពមិនពិបាកនោះទេ ប្រសិនបើយើងជឿជាក់ថា ជនមានពិការភាពគឺជាមនុស្សដែលមានសមត្ថភាព។ មានភ័ស្តុតាងនិងបទពិសោធន៍ជាច្រើនបាន បង្ហាញថា ជនមានពិការភាពបានធ្វើរឿងគួរឱ្យកត់សម្គាល់ជាច្រើនដែលជនមិនមានពិការភាព ឬកាយសម្បទារឹងមាំមិនអាចធ្វើបាន។
កន្លងមក ជនមានពិការភាពមួយចំនួនមានការលំបាកក្នុងការទទួលបានអត្តសញ្ញាណបណ្ណប្រជាជន សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សៀវភៅស្នាក់នៅ បណ្ណកម្មសិទ្ធិកាន់កាប់អចលនទ្រព្យជាដើម ឬដោយសារការប្រើប្រាស់អាកប្បកិរិយា ភាសាបែបអវិជ្ជមាន រើសអើងពីសំណាក់មន្ត្រីអាជ្ញាធរយើងមួយចំនួន។
បន្ថែមពីលើនេះ លោក យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការវិនិយោគលើវិស័យពិការភាពជាច្រើនឆ្នាំមកហើយ។ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល កំពុងដើរលើផ្លូវត្រូវក្នុងការស្តារ និងអភិវឌ្ឍមាតុភូមិប្រទេស ពិសេសការរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច។
លោកបានបន្តថា ភាពរីកចម្រើននៃវិស័យពិការភាព និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានគេសន្មត់ថា ជាគោលដៅនយោបាយលើកទឹកចិត្ត ដែលជាការជំរុញយ៉ាងសកម្មពីរដ្ឋាភិបាលកម្ពុជា ទៅកាន់ក្រុមហ៊ុនវិនិយោគនានា ក្នុងនោះរួមមានការផ្តល់ឱកាសអាទិភាពសម្រាប់ជ្រើសរើសជនមានពិការភាពឲ្យចូលបម្រើការងារផងដែរ។
លោក ឯម ច័ន្ទមករា បានបន្ថែមដែរថា ក្រសួងមហាផ្ទៃ ពិតជាមានតួនាទីយ៉ាងសំខាន់ដើម្បីលើកកម្ពស់ការចូលរួមរបស់ជនមានពិការភាពក្នុងជីវភាពសាធារណៈ ជីវភាពនយោបាយ ការផ្តល់យុត្តិធម៌និងសិទ្ធិសេរីភាព ការលើកកម្ពស់កិច្ចការពារសេរីភាព និងសន្តិសុខបុគ្គលរបស់ជនមានពិការភាព ក្នុងទិសដៅផ្តល់សិទ្ធិអំណាច តាមរយៈការចូលរួមគ្រប់សកម្មភាពនៃការសម្រេចចិត្តនិងការធ្វើនយោបាយរបស់ ជនមានពិការភាពក្នុងសង្គម។
ជាការឆ្លើយតប លោក ឯម ច័ន្ទមករា បានសំណូមពរដល់ក្រុមការងារសកម្មភាពជនពិការ នៃក្រសួងមហាផ្ទៃ សូមជួយបញ្ជ្រាបផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ ទៅក្នុងផែនការសកម្មភាពអភិវឌ្ឍរបស់រាជធានី ខេត្ត ស្រុក ខណ្ឌ ឃុំ សង្កាត់ ដើម្បីធានានូវសក្តិសិទ្ធភាពនៃចក្ខុវិស័យដែលបានចែងថា «ជនមានពិការភាព និងក្រុមគ្រួសារមានគុណភាពជីវិតល្អ និងចូលរួមយ៉ាងសកម្មពេញលេញ ស្មើភាពគ្នាក្នុងសង្គម ដែលមានការគោរពសិទិ្ធ និងសេចក្តី ថ្លៃថ្នូរ ព្រមទាំងមានការធ្វើបរិយាបន្នពិការភាពក្នុងគ្រប់វិស័យ និងការអភិវឌ្ឍន៍»៕