(ភ្នំពេញ)៖ បន្ទាប់ពីទឹកជំនន់ហក់ឡើងខ្ពស់ ខណៈប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តមួយចំនួនជួបវិបត្តិសេដ្ឋកិច្ច និងរងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរ និងក្នុងគោលដៅលើកស្ទួយសម្មភាព ការងារមនុស្សធម៌ជួយគ្នាក្នុងគ្រាលំបាក លោកឧកញ៉ា គួច ម៉េងលី និងលោកស្រី បានសម្រេចបញ្ចេញថវិកា ២០០លានរៀល សម្រាប់ជួយដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ អំឡុងពេលកម្ពុជាជួបគ្រោះធម្មជាតិមួយនេះ។
ក្នុងចំណោមថវិកា ២០០លានរៀល ដើម្បីជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នោះ គ្រួសារលោកឧកញ៉ា បានចូលរួមបរិច្ចាគថវិកាចំនួន ១០០លានរៀល (២ម៉ឺន៥ពាន់ដុល្លារសហរដ្ឋអាមេរិក) ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង១០០លានរៀលទៀត (២ម៉ឺន៥ពាន់ដុល្លារសហរដ្ឋអាមេរិក) ជូនដល់ក្រុមការងារមូលនិធិ ម៉េងលី ជេ. គួច។
បើតាមក្រុមការងាររបស់លោកឧកញ៉ា គួច ម៉េងលី បានអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះថា ចំពោះការចំណាយថវិកា ២០០លានរៀល ស្មើនឹង ៥ម៉ឺនដុល្លារអាមេរិកនេះ សម្រាប់ជួយជនរងគ្រោះដោយសារទឹកជំនន់លើកនេះ មិនមែនជាលើកទី១ទេ ដែលលោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ចុះជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយសារទឹកជំនន់នៅតាមបណ្ដាខេត្តមួយចំនួន។
លោកឧកញ៉ា គួច ម៉េងលី តែងតែឧបត្ថម្ភនូវថវិកា អង្ករ មី ត្រីខ សម្លៀកបំពាក់ គ្រឿងឧបភោគ ព្រមទាំងពេទ្យជំនាញៗ ដើម្បីព្យាបាលបឋមដល់ប្រជាពលរដ្ឋផងដែរ ដើម្បីសម្រាលជីវភាពដល់ប្រជាពលរដ្ឋ នៅតាមបណ្ដាខេត្តដែលទឹកជន់លិចខ្លាំង។ ក្រុមការងារដដែល បញ្ជាក់បន្ថែមថា កន្លងមកលោកឧកញ៉ា បានចុះទៅជួយប្រជាពលរដ្ឋរងគ្រោះដោយផ្ទាល់ នៅតាមបណ្ដាខេត្ត-ក្រុងជាច្រើន រួមមាន ខេត្តកំពង់ឆ្នាំង បាត់ដំបង ពោធិ៍សាត់ ព្រៃវែង បន្ទាយមានជ័យ សៀមរាប កណ្ដាល កំពង់ស្ពឺ តាកែវ កំពត កំពង់ចាម ក្រចេះ និងបណ្ដាខេត្តមួយចំនួនទៀត។
សូមជម្រាបថា ក្រៅពីការចូលរួមបរិច្ចាគថវិកាចំនួន ២០០លានរៀល សម្រាប់ចុះជួយជនរងគ្រោះដោយសារទឹកជំនន់នេះ កាលពីថ្មីៗកន្លងទៅ លោកឧកញ៉ា គួច ម៉េងលី បានចំណាយថវិកាចំនួន ១៦០លានរៀល ស្មើនឹង៤ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់ចុះជួយប្រជាជនកម្ពុជាចំនួន ២,២០៩គ្រួសារ ដែលជួបវិបត្តិសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩ នៅក្នុងឃុំបន្ទាយដែក និងឃុំគគី ស្រុកកៀនស្វាយ ចំនួន២លើក, ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ចំនួន៦លើក, អង្គការផ្ទះបាយកុមារ ចំនួន១លើក, អង្គការជនពិការកម្ពុជាចំនួន១លើក, អង្គការកុមារដ្ឋានម្លប់ ខេត្តកណ្ដាល ចំនួន១លើក, ប្រគេនព្រះសង្ឃនៅវត្តក្ដីតាកុយ ចំនួន១លើក, វត្តពុទ្ធស្ថាន ចំនួន១លើក, និងវត្តវាលស្បូវ ចំនួន១លើក, និងបុគ្គលិករបស់លោកចំនួន ១០លើកផងដែរ។
ក្រៅពីនេះ លោកឧកញ៉ា គួច ម៉េងលី ក៏ធ្លាប់បរិច្ចាគថវិកាចំនួន ១ម៉ឺនដុល្លារ សម្រាប់ជួយដល់ជនរងគ្រោះរលំបាក់អគារ នៅខេត្តព្រះសីហនុ និង ១ម៉ឺនដុល្លារ សម្រាប់ជនរងគ្រោះរលំបាក់អគារនៅខេត្តកែប កាលពីកន្លងទៅផងដែរ។ នេះបើតាមប្រធានគម្រោងមូលនិធិ ម៉េងលី ជេ. គួច លោក សែម សំអាន។
គួររម្លឹកថា បច្ចុប្បន្ន លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី មានតួនាទីជាស្ថាបនិក ប្រធានក្រុមប្រឹក្សា និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងជាបុគ្គលចិត្តធម៌មួយរូប តែងចំណាយទាំងកម្លាំងកាយចិត្ត ដើម្បីចែករំលែកនូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធ ទៅកាន់មហាជននានានៅទូទាំងប្រទេស។ លើសពីនេះ លោកឧកញ៉ាតែងចូលរួមជួយលើកស្ទួយវិស័យអប់រំ ព្រមទាំងចុះជួយដល់ជនរងគ្រោះ និងប្រជាពលរដ្ឋ ដែលជួបការខ្វះខាតនៅតាមបណ្ដាខេត្ត-ក្រុង-រាជធានី នៅទូទាំងប្រទេសផងដែរ៕