(កណ្ដាល)៖ លោកបណ្ឌិត ស៊ាង ប៊ុនលាង ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន, រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការគ្រោះមហន្តរាយ ក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង បានអញ្ចើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញនាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ព្រមទាំងបានឧបត្ថម្ភថវិកាចំនួន៥ពាន់ដុល្លារ ដល់រដ្ឋបាលរាជធានីភ្នំពេញសំរាប់ជួយសង្រ្គោះប្រជាពលរដ្ឋ។

គិតត្រឹមវេលាម៉ោង១១ព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋខណ្ឌដង្កោ សរុប៣២១គ្រួសារ កំពុងរងគ្រោះដោយសារជំនន់ទឹកស្ទឹងព្រែកត្នោត ខណៈរហូតមកដល់ ពេលនេះទំនប់សណ្ដរនៅតំបន់មួយចំនួនបានបាក់ដោយសារកម្លាំងទឹកបុកខ្លាំង។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ប្រជាពលរដ្ឋដែលរងគ្រោះនោះ រួមមាន សង្កាត់ទៀន ចំនួន៤៧គ្រួសារ ស្មើ៣៣ខ្នងផ្ទះ, សង្កាត់សាក់សំពៅ ចំនួន១០៧គ្រួសារ ស្មើ៦៦ខ្នងផ្ទះ, សង្កាត់ស្ពានថ្ម ចំនួន៥៤គ្រួសារ ស្មើ២៧ខ្នងផ្ទះ និងសង្កាត់គងនយ ចំនួន១១៣គ្រួសារ ស្មើ១០៦ខ្នងផ្ទះ។

លោកបណ្ឌិត ស៊ាង ប៊ុនលាង បានក្រើនរំលឹក និងណែនាំឲ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នថែរក្សាសុខភាព និងស្ដាប់តាមការណែនាំរបស់កម្លាំងអាជ្ញាធរដែលកំពុងអន្ដរាគមន៍ ដើម្បីប្រចាំការជួយសង្គ្រោះនៅតំបន់ដែលកំពុងរងគ្រោះ។ ត្រូវមើលថែកូនចៅកុំឲ្យលែងទឹក ប្រយ័ត្នសត្វអសិរពិសផ្សេងៗ ហូបស្អាត ផឹកស្អាត រក្សាអនាម័យជាប្រចាំ។

គួរជម្រាបថា អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដាក់បទបញ្ជាដល់គណៈបញ្ជាការឯការភាពខណ្ឌទាំង១៤ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងទីបញ្ជាការដ្ឋានអាវុធហត្ថ ត្រៀមកម្លាំងដើម្បីជួយអន្តរាគមន៍ និងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាពនៅពេលដែលទំនប់សណ្តរស្ទឹងបានបាក់ធ្លាយ៕