(បន្ទាយមានជ័យ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បន្ទាប់ពីបានចុះទៅមើលការជន់លិច និងផលប៉ះពាល់នៅក្នុងខេត្តប៉ៃលិនហើយនោះ លោកក៏បានធ្វើដំណើរបកមកខេត្តបន្ទាយមានជ័យវិញ ដើម្បីពិនិត្យមើលការជម្លៀសប្រជាពលរដ្ឋចេញពីទឹកជំនន់។
ខេត្តបន្ទាយមានជ័យ ស្រុកមង្គលបុរី និងក្រុងសេរីសោភណរងការជន់លិចខ្លាំងជាងគេ ដែលមកដល់ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ទឹកមិនទាន់ស្រកនៅឡើយទេ។ ទឹកនេះត្រូវបានអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី បានបញ្ជាក់ថា បានហូរធ្លាក់មកពីខេត្តបាត់ដំបង។
កម្លាំងសង្គ្រោះដឹកនាំបញ្ជាផ្ទាល់ដោយលោកអភិបាលខេត្ត បាននិងកំពុងប្រតិបត្តិការយ៉ាងសស្រាក់សស្រាំក្នុងជម្លៀសប្រជាពលរដ្ឋចេញពីទឹកជំនន់នេះ។ លោកទេសរដ្ឋមន្ត្រី គន់ គីម និងលោក អ៊ុ រាត្រី នៅថ្ងៃនេះបានចុះដោយផ្ទាល់ទៅកាន់កន្លែងជន់លិច និងបានជិះអូប័រទៅកាន់លំនៅឋានប្រជាពលរដ្ឋដែលកំពុងលិចលង់ខ្លាំងផងដែរ។
ប្រជាពលរដ្ឋដែលរងការជន់លិចខ្លាំងនៅក្នុងភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ជាច្រើនត្រូវបានជម្លៀសមកទីទួលសុវត្ថិភាពហើយ។ តែប្រជាពលរដ្ឋខ្លះដែលមានលំនៅឋានខ្ពស់គាត់មិនទាន់ព្រមជម្លៀសតាមអាជ្ញាធរនៅឡើយ។ តែបន្ទាប់ពីឃើញថាទឹកនៅតែបន្តឡើង ទើបគាត់ព្រមជម្លៀសចេញ។
ក្នុងប្រតិបត្តិការជម្លៀសប្រជាពលរដ្ឋនៅថ្ងៃនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម និងលោក អ៊ុ រាត្រី ក៏បានជួយជម្លៀសប្រជាពលរដ្ឋពីរគ្រួសារ ដែលទើបព្រមរើចេញពីលំនៅឋាន។
ប្រជាពលរដ្ឋដែលរងគ្រោះដោយការជន់លិចបានថ្លែងថា បើទោះបីពួកគេមានការលំបាកព្រោះតែការជន់លិចនេះយ៉ាងណាក្តី តែពួកគេក៏មានភាពកក់ក្តៅដោយបានការយកចិត្តទុកដាក់ និងជួយសង្គ្រោះដោយផ្ទាល់ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រមទាំងអាជ្ញាធរមូលដ្ឋាន។
បើតាមលោក អ៊ុ រាត្រី រហូតមកដល់ពេលនេះប្រជាពលរដ្ឋដែលរងការជន់លិចខ្លាំង ត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាពរួចរាល់ហើយ។ ទន្ទឹមនឹងការជម្លៀសមកទីទួលសុវត្ថិភាពហើយនោះ អាជ្ញាធរបានរៀបចំជាស្បៀងអាហារ និងក្រុមគ្រូពេទ្យត្រៀមចាំជួយដោះស្រាយបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋដែលជម្លៀសនេះផងដែរ៕