(ភ្នំពេញ)៖ អនុវត្តតាមអភិក្រម «រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍» អគ្គនាយកដ្ឋានកសិកម្ម បានចាប់យកដៃគូជាមួយក្រុមហ៊ុន ត្រូភីខេម ហ្រ្វូតអេន វេជីថេប៊ល ឯ.ក ដែលមានលោកឧកញ៉ា ហ៊ុន ឡាក់ ជាអគ្គនាយក ដើម្បីធ្វើការអភិវឌ្ឍមជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ និងការបង្កើតភាពជាដៃគូ ដើម្បីជំរុញខ្សែច្រវាក់តម្លៃបន្លែ តាមស្តង់ដារនៃការអនុវត្តកសិកម្មល្អកម្ពុជា សរសេរអក្សរកាត់ CamGAP។

ស្តែងចេញពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវ និងជាពិសេសដោយមានការចង្អុលបង្ហាញ និងណែនាំបន្ថែមពី រដ្ឋមន្រ្តី វេង សាខុន ធ្វើឲ្យភាគីទាំងពីរបានឈានដល់ ការចុះអនុស្សរណ:នៃការយោគយល់គ្នា ដែលពិធីនេះបានរៀបចំនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក វេង សាខុន រដ្ឋមន្ដ្រី និងដោយមានការចូលរួមពីសំណាក់ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ឯកឧត្តម លោកឧកញ៉ា លោក តំណាងក្រុមហ៊ុន តំណាងសមាគមសណ្ឋាគាកម្ពុជា សមាគមចុងភៅកម្ពុជា សមាគមភោជនីយដ្ឋានកម្ពុជា កម្មវិធីអនឡាញ សហព័ន្ធទេសចរណ៍កម្ពុជា ក្រុមហ៊ុនភូមិកសិកម្មធម្មជាតិ បងប្អូនតំណាងកសិករគំរូយ៉ាងច្រើនកុះករ។

នាឱកាសនេះ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគី ពិសេសអគ្គនាយកដ្ឋានកសិកម្ម ឈានមកសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងនាពេលនេះ និងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះចំណាប់អារម្មណ៍ ដ៏មានអត្ថន័យរបស់ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម លោកឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន ត្រូភីខេម ហ្រ្វូតអេន វេជីថេប៊ល ឯ.ក លោក លូ ម៉េង ប្រធានសហព័ន្ធចុងភៅកម្ពុជា ដែលចំណាប់អារម្មណ៍ទាំងអស់សុទ្ធ តែបានបង្ហាញនូវឆន្ទ:សហការផលិត និងប្រើប្រាស់ផលិតផលបន្លែសុវត្ថិភាពកម្ពុជា ចូលរួមបង្កើតការងារ បង្កើនប្រាក់ចំណូលគ្រួសារ រក្សានិរន្តរភាពបរិមាណផ្គត់ផ្គង់ បង្កើនតម្លៃបន្ថែម បង្កើនផលិតភាពផលិតកម្មក្នុងស្រុក និងកាត់បន្ថយការនាំចូល (ខ្មែរជួយប្រើប្រាស់ និងបរិភោគផលិតផលខ្មែរ)។

លោក វេង សាវុន បានជម្រាបជូនអង្គពិធីជ្រាបថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈថវិកាកម្មវិធីរដ្ឋ និងគម្រោងដៃគូ បាននិងកំពុងជំរុញ និងលើកទឹកចិត្តដល់កសិករ ឲ្យផលិតបន្លែសុវត្ថិភាព ដើម្បីកាត់បន្ថយការនាំចូលឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក និងនិន្នាការកើនឡើង នៃការបរិភោគបន្លែសុវត្ថិភាពក្នុងស្រុក។ បច្ចុប្បន្នមានសហគមន៍ផលិតបន្លែចំនួន ២៥៩សហគមន៍ និងមានកសិករចំនួន ៤៣២ក្រុម កំពុងផលិតបន្លែសុវត្ថិភាព។

ជាមួយគ្នានេះ ក៏មានកសិករ ពាណិជ្ជករបន្លែ និងក្រុមហ៊ុនឯកជនមួយចំនួន បាននិងកំពុងចូលរួមជំរុញផលិតកម្មបន្លែសុវត្ថិភាព ដោយអនុវត្តតាមបច្ចេកទេសកសិកម្មទំនើប ប្រើប្រាស់ផ្ទះសំណាញ់ ប្រព័ន្ធដំណក់ទឹក ប្រើប្រាស់ធាតុចូលកសិកម្មក្នុងលក្ខណបច្ចេកទេស និង Hydroponic។ ដោយឡែក គម្រោង ASPIRE បានសម្របសម្រួលបង្កើតទីផ្សារលក់បន្លែសុវត្ថិភាព នៅចុងសប្តាហ៍បានចំនួន ១០ទីផ្សារ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន០៣ទីផ្សារ នៅតាមស្រុកចំនួន១៨ និងទីផ្សារលក់បន្លែនៅតាមឃុំចំនួន០៥ ផងដែរ។

លោករដ្ឋមន្ត្រី បានរំលេចផងដែរនូវប្រសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ថាដើម្បីជំរុញការកែទម្រង់របស់ខ្លួនទៅមុខ ប្រទេសកំពុងអភិវឌ្ឍន៍ ត្រូវការចាំបាច់នូវកិច្ចសហការជាសកល ពោលគឺការរក្សានូវភាពជាដៃគូ ទាំងទ្វេភាគី និងពហុភាគី សំដៅធានាបាននូវបរិស្ថាននៃការអភិវឌ្ឍសន្តិភាព និងស្ថិរភាព។ ការកាត់បន្ថយនូវផលប៉ះពាល់ និងធានាលំនឹងជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋក៏ដូចជាជួយរក្សាលំនឹងផលិតកម្ម កិច្ចដំណើរការនៃធុរកិច្ច និងការវិនិយោគនានា គឺជាការងារដ៏ចំបាច់ដែលរាជរដ្ឋាភិបាលត្រូវតែប្រឹងប្រែងអនុវត្តឱ្យបានជាអតិបរិមា។

ហេតុផលនេះ ដើម្បីឲ្យភាគីពាក់ព័ន្ធចុះអនុស្សន នៃការយោគយល់គ្នានាពេលនេះ ព្រមទាំងប្រជាកសិករ សហគមន៍កសិកម្ម ត្រូវរួមសាមគ្គី សហការគ្នាជាធ្លុងមួយអនុវត្តកសិកម្មល្អ ឲ្យទទួលបានជោគជ័យ លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ជាគន្លឹះមួយចំនួនរួមមាន៖

* ត្រូវប្តេជ្ញាចិត្តរួមគ្នាអនុវត្តខ្លឹមសារ នៃអនុស្សរណៈ នៃការយោគយល់គ្នាឲ្យបានត្រឹមត្រូវ ច្បាស់លាស់ និងភាពស្មោះត្រង់

* ព្យាយាមអនុវត្តកសិកម្មល្អឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួនតាមបច្ចេកទេសទំនើប ទាន់សម័យ
* អគ្គនាយកដ្ឋានកសិកម្មត្រូវពង្រឹងយន្តការ ផ្តល់សេវាកម្មត្រួតពិនិត្យ និងបញ្ជាក់គុណភាព ផ្តល់ស្លាកសញ្ញា ឬ QR Code
* បន្តជំរុញការបញ្ជ្រាបការអនុវត្តកសិកម្មល្អឲ្យបានកាន់តែទូលំទូលាយ តាមរយៈបណ្តុំកសិករ និងសហគមន៍កសិកម្ម សហគមន៍ព្រៃឈើ សហគមន៍នេសាទ
* តំណាងអ្នកប្រើប្រាស់បន្លែសុវត្ថិភាព (សហព័ន្ធទេសចរណ៍ សមាគមភោជនីយដ្ឋាន សមាគមចុងភៅ និងសមាគមសណ្ឋាគារ) ត្រូវជួយគាំទ្រ និងផ្សព្វផ្សាយការបរិភោគបន្លែសុវត្ថិភាពកម្ពុជា