(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូត នៃប្រទេសឥណ្ឌូណេស៊ីប្រចាំប្រទេសកម្ពុជា លោក SUDIRMAN HASENG បានឆ្លើយតបជាវិជ្ជមាន និងសន្យាជួយជ្រោមជ្រែងជុំវិញគម្រោង នៃការលើកកម្ពស់យេនឌ័រ សំរាប់ស្ត្រីមូស្លីមកម្ពុជា ក្នុងទិសដៅបង្កើនសមត្ថភាព ចំណេះដឹងក្នុងការចូលរួមលើកស្ទួយប្រទេសជាតិឲ្យមានការរីចំរើនទៅមុខជាលំដាប់។
លោកអគ្គរដ្ឋទូតបានបានឆ្លើយតបជាផលវិជ្ជមាន នៅក្នុងពិធីសំណេះសំណាល និងសំដែងការគួរសមជាមួយអង្គការវិថីយុវជនដែលមានលោកស្រី ម៉ាត់ អាម៉ីរ៉ោះ ជាប្រធាន បានដឹកនាំសមាជិក ជាច្រើននាក់ ចូលជួបលោកឯកអគ្គរដ្ឋទូតសំដែងការគួរសម នៅស្ថានទូតឥណ្ឌូណេស៊ីនាល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។
ស្ថិតក្នុងជំនួបនេះ លោកស្រី ម៉ាត់ អាមីរ៉ោះ បានលើកឡើងពីចំណុចជាច្រើន នៃអង្គការក្នុងការលើកកម្ពស់ស្ត្រីមូស្លីមកម្ពុជាឲ្យមានការចូលរួមក្នុងកិច្ចការសង្គម ជួយសង្គម ការអភិវឌ្ឍន៍លើចំណេះដឹង និងជំនាញ ជួយជ្រោមជ្រែងស្ត្រីមានវិបត្តិ ជាដើម និងបានជជែកជុំវិញការបញ្ជ្រាបស្ត្រីមូស្លីមឲ្យចូលរួមកិច្ចការជាមួយអន្តរជាតិ។
ជាការឆ្លើយតប លោក SUDIRMAN HASENG បានឆ្លើយតបជាវិជ្ជមានថា ខាងឥណ្ឌូណេស៊ីចូលរួមសំដែងការត្រេកអរចំពោះសកម្មភាពល្អៗច្រើនរបស់អង្គការ ហើយឥណ្ឌូណេស៊ីនឹងសិក្សាទៅលើ គម្រោងនៃការជួយជ្រោមជ្រែងឱ្យមានមានរីកចំរើនទៅមុខជាលំដាប់ ក្នុងទិសដៅជួយកសាងកម្ពុជាឲ្យមានការអភិវឌ្ឍន៍ទៅមុខជាលំដាប់។ ហើយខាងឥណ្ឌូណេស៊ីក៏គ្រោងផ្ដល់អាហាររូបករណ៍ ដល់និស្សិតខ្មែរឥស្លាមជាច្រើននាក់ឲ្យទៅសិក្សានៅប្រទេសរបស់ខ្លួនផងដែរ។
គួរជម្រាបជូនថា អង្គការវិថីយុវជន បានធ្វើការងារច្រើនក្នុងការជួយជ្រោមជ្រែង ពិសេសការងារចំពោះស្ត្រី ក្នុងទិសដៅអភិវឌ្ឍន៍ចំណេះដឹង ចំណេះធ្វើ ជំនាញផ្សេងៗ និងការចួលរួមសហការ ទំនាក់ទំនងអន្តរជាតិជាដើម ដើម្បីជួយសហគមន៍ឲ្យមានការរីកចំរើនទៅមុខជាលំដាប់៕