(កំពង់ធំ)៖ លោក ឃឹង នុភាព តំណាងរាស្ត្រមណ្ឌលកំពង់ធំ បានណែនាំដល់ប្រជាពលរដ្ឋ ណែនាំឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ នៅរដូវទឹកជំនន់។

លោក ឃឹង នុភាព ថ្លែងបែបនេះក្នុងឱកាសចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ ដើម្បីឧបត្ថម្ភក្នុងការកសាងសាលាឆទាន នៅតំបន់លោកតានង ស្ថិតនៅភូមិវាលវែង និងពិនិត្យមើលបង្គោល ស្ទង់កម្រិតទឹក នៅគល់ស្ពានតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។

លោកបញ្ជាក់ថា «សូមប្រុងប្រយ័ត្នខ្ពស់ព្រោះនៅបណ្តាថ្ងៃខាងមុខ នៅមានឥទ្ធិពលនៃព្យុះបន្តបោកបក់មកលើប្រទេសកម្ពុជាយើង អាចនឹងមានទឹកជន់ឡើងបន្ថែមទៀត ជាពិសេសត្រូវមើលថែក្មេងៗ មនុស្សចាស់ និងជនងាយរងគ្រោះឲ្យបានល្អ ដើម្បីចៀសផុតពីការលង់ទឹកក៏ដូចជាការការពារពីសត្វអសិរពិសខាំ ឬទិចជាដើម ប្រសិនបើមាន ទឹកជំនន់ត្រូវរត់រកទីទួលសុវត្ថិភាព»

លោក ឃឹង នុភាព ក៏បានណែនាំដល់អ្នកចូលរួមទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយចូលរួមរួមអនុវត្តវិធានការការពារការឆ្លងជំងឺ កូវីដ១៩ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមសារអប់រំនានា របស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះ តាមរយៈការលាងដៃឲ្យបានញឹកញាប់ និងជាប្រចាំជាមួយសាប៊ូ ត្រូវយកចិត្តទុកដាក់រក្សាសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួនឱ្យបានជាប្រចាំ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ។

លោកបានអំពានាវដល់ពលរដ្ឋទាំងអស់ត្រូវថែរក្សាសុខភាពឲ្យបានល្អ ដោយអនុវត្តការរស់នៅស្អាត ហូបស្អាត កុំបន្ទោរបង់ពាសវាលពាសកាល ត្រូវសម្រាន្តក្នុងមុង ដើម្បីការពារពីជំងឺគ្រុនចាញ់ ឬគ្រុនឈាម ឬឈិនិងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃកាត់បន្ថយការស្លាប់ ពិការភាព និងជួយអប់រំណែនាំដល់កូនចៅឲ្យរស់ឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនវាបំផ្លាញអនាគតរបស់ក្រុមគ្រួសារ និងសង្គមជាតិ។

លោកបានបន្តទៀតថា ចំពោះគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបាននូវចំណេះដឹង ច្បាស់លាស់ កុំឲ្យមានបញ្ហាអំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពានផ្សេងៗ ដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់បំផុត ព្រមទាំងខិតខំពន្យល់ដល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងពីការប្រែប្រួលអាកាសធាតុ។

ក្នុងការចុះសួរសុខទុកលោក ឃឹង នុភាព បានចូលរួមថវិកាមួយចំនួនសម្រាប់កសាងសាលាឆទាន និងសាលាបឋមសិក្សាវាលវែងផងដែរ៕