(កណ្ដាល)៖ រដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងមួយ បញ្ជាក់អំពីស្ថានភាពទឹកទំបន់៧មករា (កំពង់ទួល) និងស្ទឹងព្រែកត្នោត ដែលនៅតែបន្ដជន់ឡើងខ្លាំងលើសកម្រិតប្រកាសអាសន្ន។
ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តកណ្ដាល បានសង្កត់ធ្ងន់ថា ស្ថានភាពនេះ អាចបណ្ដាលឲ្យមានផលប៉ះពាល់ដល់ភូមិសាស្ដ្រខេត្តកណ្ដាល រួមមាន ក្រុងតាខ្មៅ ស្រុកអង្គស្នួល និងស្រុកកណ្ដាលស្ទឹង។
រដ្ឋបាលខេត្តកណ្ដាល បានបង្ហាញថា ស្ទឹងព្រែកត្នោត ដែលធ្លាក់មកដល់ចំណុចសំណង់ទំបន់៧មករា (កំពង់ទួល) ដែលមកដល់ពេលនេះ ទឹកមានកម្រិតកម្ពស់ខាងក្រោយ កម្ពស់៩.២០ម៉ែត្រ លើសពីកម្រិតកម្ពស់ទឹកប្រុងប្រយ័ត្ន (៧ម៉ែត្រ) ដែលបណ្ដាលឲ្យទំនប់សណ្ដរស្ទឹងទាំងសងខាងក្នុងភូមិសាស្ដ្ររដ្ឋបាលរាជធានីភ្នំពេញ មានកម្រិតកម្ពស់ទឹកហូរលើខ្នងទំនប់សណ្ដរ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកណ្ដាល បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅស្រុកអង្គស្នួល ស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ មេត្ដាត្រៀមបង្ការ និងប្រុងប្រយ័ត្នខ្ពស់។ ទន្ទឹមនេះ រដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងរៀបចំផែនការអន្ដរាគមន៍ ដោយត្រៀមកម្លាំង ក្នុងការទប់ស្កាត់ និងត្រៀមទួលសុវត្ថិភាព ឲ្យបានច្បាស់លាស់៕