(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបំពាក់ឯកសណ្ឋានក្រឡាបញ្ជី (អាវផាយ) ជាផ្លូវការ ជូនអតីតសិស្សសាលាភូមិន្ទក្រឡាបញ្ជីជំនាន់ទី៥ និងជំនាន់ទី៦ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដែលមានចំនួនសរុប ២១០រូប។
ពិធីនេះត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោក គីម រិទ្ធី អនុប្រធាន តំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។
យោងតាមរបាយការណ៍របស់ បណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានឲ្យដឹងថា សាលាភូមិន្ទក្រឡាបញ្ជី បានចាប់ផ្តើមបណ្តុះបណ្តាលសិស្សក្រឡាបញ្ជីជំនាន់ទី១ ចាប់តាំងពីឆ្នាំ ២០០៨ រហូតមកដល់ពេលបច្ចុប្បន្នសរុបចំនួន ៦៨៨ រូប ហើយសិស្សក្រឡាបញ្ជីជំនាន់ទី៧ ចំនួន ១១៦ រូប កំពុងទទួលការបណ្តុះបណ្តាល។
ថ្លែងក្នុងពិធីនេះ លោក គីម រិទ្ធី បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការនាពេលកន្លងមក និងមានជំនឿទំនុកចិត្តយ៉ាងមុតមាំថា រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការនឹងបន្តកិច្ចខិតខំប្រឹងប្រែងចំពោះបេសកកម្មរបស់ខ្លួន ឱ្យកាន់តែមានភាពល្អប្រសើរថែមទៀត។ លោកក៏បានធ្វើការកោតសរសើរដល់ប្អូនៗ អតីតសិស្សក្រឡាបញ្ជី ដែលបានទទួលនូវវិជ្ជាជីវៈជាក្រឡាបញ្ជីទាំងអស់នូវភាពជាគំរូដ៏ល្អសម្រាប់ឱ្យនិស្សិតច្បាប់ និងយុវជនដទៃទៀតយកជាគំរូតាម។
លោក កើត រិទ្ធ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈច្បាប់ និងតុលាការ ក្នុងការខិតខំផលិតធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ក្នុងនោះរួមមាន ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងសារការី ប្រកបដោយគុណភាព និងចំណេះដឹង ដើម្បីផ្ដល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ។ លោកក៏បានគូសរំលេចអំពីតួនាទីភារកិច្ចដ៏សំខាន់របស់ក្រឡាបញ្ជី នៅគ្រប់កិច្ចនៃនីតិវិធីមិនអាចខ្វះបាន ក្នុងនាមជាជំនួយដល់អង្គតុលាការ និងអង្គអយ្យការ។
លោករដ្ឋមន្ត្រី ក៏បានគូសរំលេចអំពីគុណតម្លៃមិនអាចកាត់ថ្លៃបាននៃ «សន្តិភាព» ដែលបានមកតាមរយៈការពុះពារគ្រប់ឧបសគ្គរបស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលត្រូវមជ្ឈដ្ឋានជាទូទៅប្រសិទ្ធនាមថាជា «បិតាស្ថាបនិកសន្តិភាពនៅកម្ពុជា»។ ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី បានណែនាំដល់អតីតសិស្សក្រឡាបញ្ជីទាំង ២១០ រូប ដែលជាយុវជនទើបចាប់ផ្កើមវិជ្ជាជីវៈក្នុងនាមជាមន្ត្រីរបស់រាជរដ្ឋាភិបាល ត្រូវតែការពារសន្តិភាពជាដាច់ខាត ដើម្បីវិបុលភាពកម្ពុជា។
លោក កើត រិទ្ធ បានណែនាំឱ្យសិស្សក្រឡាបញ្ជីទាំង ២១០ រូប ត្រូវខិតខំផ្តល់សេវាយុត្តិធម៌ ដែលជាសេវាសាធារណៈមួយផងដែរ ឱ្យបានល្អ និងបានណែនាំឱ្យសិស្សក្រឡាបញ្ជីទាំងអស់ ប្រកាន់ខ្ជាប់នូវគោលការណ៍ចំនួន៣ នៅពេលបំពេញការងារ ដែលរួមមាន៖
១៖ ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់តាមច្បាប់ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ
២៖ គោរពឱ្យបាននូវអភិក្រមដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ដែលជាចំណុចស្នូលនៃអភិបាលកិច្ច គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និង
៣៖ គោរពឱ្យបាននូវអភិក្រមការងារដែលបានដាក់ចេញតាមរយៈ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង គឺ «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ» ហើយត្រូវអនុវត្តជាប្រចាំក្នុងការផ្ដល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ និងអនុវត្តជារៀងរហូត ពោលគឺមិនមែនអនុវត្តតែក្នុងរយៈពេលយុទ្ធនាការនោះទេ៕