(តាកែវ)៖ អភិបាលខេត្តតាកែវលោក ឡាយ វណ្ណៈ នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០១៦នេះ បានអញ្ជើញចូលរួម ជូនដំណើរកងទ័ព តំបន់ប្រតិបត្តិការសិករង ខេត្តតាកែវ ចំនួន៣០នាក់ ដែលត្រូវចេញទៅឈរជើងការពារព្រំដែន កម្ពុជា-ថៃ ដែលស្ថិតនៅក្នុង ស្រុកមណ្ឌុលសីម៉ា ខេត្តកោះកុង។

នៅចំពោះមន្រ្តីយោធាទាំងអស់ លោក ឡាយ វណ្ណៈ បានសំដែងនូងការកើតសសើរដល់វីរៈភាពរបស់បងប្អូនកងទ័ពទាំងអស់ ដែលមានទឹកចិត្តក្លាហានមោះមុត ក្នុងការចេញទៅឈរជើងការពារព្រំដែន របស់ប្រទេសកម្ពុជាយើង។ ដែលនេះគឺជាកិត្តិយសរបស់ខេត្តតាកែវ ជាពិសេស ចំពោះប្រជាជនខេត្តតាកែវ ទាំងមូលដែលមានវីរៈជនជាកងទ័ពក្លាហានបែបនេះ។

លោកអភិបាលខេត្តតាកែវ បានថ្លែង បើទោះបីជាប្រទេសយើង មានសន្តិភាពយ៉ាងណាក៏ដោយ តែយើងជាកងទ័ពក៏បានត្រៀមខ្លួនជានិច្ច ក្នុងការធ្វើសង្គ្រាមការពារ ប្រទេសជាតិបើមានករណី ឈ្លានពានបូរណភាពទឹកដី ណាមួយពីប្រទេសជិតខាង។

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែមានប្រសាសន៍ជារឿយៗថា ប្រទេសយើងប្រកាន់យកនូវសន្តិភាពនិយម យើងមិនចង់ធ្វើសង្រ្គាម មិនចង់ឲ្យមានការបង្ហូរឈាម ក៏ប៉ុន្តែកងទ័ពយើងមិនត្រូវភ្លេចខ្លួន ក្នុងការត្រៀមខ្លួនគ្រប់ពេលវេលា ក្នុងការការពារបូរណភាពទឹកដីនោះទេ។

បើទោះបីជា ប្រទេសយើងក្រប្រទេសយើងតូច តែវីរៈភាពក្លាហានរបស់បងប្អូន កងទ័ពយើង នៅតែអង់អាចក្លាហានជានិច្ច។ នៅក្នុងឱកាសជូនដំណើរកងទ័ពនោះផងដែរ លោកអភិបាលខេត្តតាកែវ ឡាយ វណ្ណៈ ក៏បាន ឧបត្ថមថវិកាដល់បងប្អូនកង ម្នាក់ៗចំនួន៧ម៉ឺនរៀល និងឧបត្ថម៥រយដុល្លារទៀត ទុកសម្រាប់បងប្អូន នៅពេលមានបញ្ហាអ្វីមួយ ដោយឡែក ក្រៅពីថវិកា ទាំងនេះ លោកអភិបាលខេត្តក៏បានឧបត្ថមជាត្រីខកំប៉ុង មីយើង ទឹកត្រី និងទឹកស៊ីអ៊ីវមួយចំនួនផងដែរ៕