(ស្វាយរៀង)៖ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បាននាំយកអំណោយមនុស្សធម៌ ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះចំនួន ២៨គ្រួសារ លើទំនប់ខាងលិចរង្វង់មូល នាគបាញ់ទឹក ស្ថិតនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
សកម្មភាពនេះធ្វើឡើងក្រោយពីទទួលបានរបាយការណ៍ និងបានចុះពិនិត្យជាក់ស្តែងប្រជាជនរងផល ប៉ះពាល់ ជំនន់ទឹកភ្លៀង នៅភូមិ រោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង នៅជាប់មាត់ទន្លេ ដែលជម្លៀសនៅតាមទំនប់ ។
ក្នុងឱកាសនោះលោក ម៉ែន វិបុល ពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ច ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដែលជួបគ្រោះទឹកជំនន់នៅក្នុងរដូវវស្សានាពេលនេះ។
លោកបានថ្លែង អំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសាខា អនុសាខាក្រុង-ស្រុក អាជ្ញាធរមូលដ្ឋាន ក្រុមកាកបាទក្រហមឃុំ សង្កាត់ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាតាមភូមិ កងកម្លាំងប្រដាប់អាវុធ និងអ្នកប្រតិបត្តិការសង្គ្រោះទាំងអស់ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងស្មារតីខ្ពស់ជួយពលរដ្ឋពីគ្រោះមហន្តរាយនេះ។
ក្នុងនោះ លោកបានបន្តអំពាវនាវដល់កម្លាំងសង្គ្រោះទាំងអស់គោរពតាមបទបញ្ជា និងការណែនាំរបស់សម្តេចតេជោ ចុះជួយប្រជាពលរដ្ឋរងគ្រោះដោយការជន់លិចនេះគ្រប់ទីកន្លែងទាំងអស់ ឱ្យបានទាន់ពេលវេលា ដើម្បីធានាថា មិនមានពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិត ដោយអាជ្ញាធរមិនបានដឹងនោះឡើយ។
លោកបានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ហើយសំណូមពរឲ្យបន្តយកចិត្តទុកដាក់ គិតគូពីសុខភាព និងចុះមកព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដើម្បីការពារជំងឺឆ្លងនានា កើតឡើងក្នុងពេលមានទឹកជំនន់។
អំណោយដែលបានចែកជូនទាំង ២៨គ្រួសារ ក្នុង ១គ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាម ធុងទឹកជ័រ១ កៅស៊ូតង់១ មី ១កេស កន្ទេលបត់១ ត្រីខ ១០កំប៉ុង ទឹកស៉ីអ៉ីវ ៦ដប ឃីត ១កញ្ចប់ (មុង ១ ភួយ ១ ក្រម៉ា១ សារុង ១) ថវិកា ៥០,០០០រៀល៕