(ភ្នំពេញ)៖ ក្រោយអង្គភាព Fresh News ចុះផ្សាយអត្តបទមួយដែលមាន ចំណងជើងថា «សមត្ថកិច្ចប្រតិកម្មខ្លាំងៗថា មុខសញ្ញាគ្រឿងញៀន២៥នាក់ ដែលកម្លាំងខំតាមចាប់ចង់ងាប់ ត្រូវតុលាការដោះលែងអស់ហើយ»​ នៅយប់ថ្ងៃទី៣​ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក​ មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យ សាលាដំបូងរាជធានីភ្នំពេញ បានចេញមកស្រាយភ្លាមៗ ត្រឡប់ទៅ កាន់មហាជន និងថ្នាក់ដឹកនាំដោយសំអាងមូលហេតុ និងនីតិវីធីមួយចំនួន។

 ថ្លែងប្រាប់អង្គភាព Fresh News នៅយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក មាស ច័ន្ទពិសិដ្ឋ បានទទួលស្គាល់ថា តុលាការ (ព្រះរាជអាជ្ញារង អ៊ុំ សុភក្រ្ត)បានសម្រេច ធ្វើការដោះលែង ជនប្រើប្រាស់គ្រឿងញៀនទាំងនោះមែន ប៉ុន្តែ១៣នាក់ និងថ្នាំ២ កញ្ចប់ទេ មិនមែន២៥នាក់ និងថ្នាំ៥២កញ្ចប់ ដូចសមត្ថកិច្ចអះអាងនោះឡើយ ។

សម្រាប់មូលហេតុ និងនីតិវិធីដែលតុលាការសម្រេចដោះលែង ជនប្រើប្រាស់គ្រឿងទាំង នោះរួមមាន ទី១ ជនប្រើប្រាស់គ្រឿងញៀន មានទោសមិនដល់មួយឆ្នាំទេ ដូច្នេះ តុលាការគ្មានសិទ្ធិធ្វើការឃុំខ្លួនពួកគេឡើយ ទី២ បើទោះបីពួកគេ ទាំងនោះត្រូវបានដោះលែង គឺនៅតែស្ថិតក្រោមការឃ្លាំងមើល និងការកោះហៅ របស់តុលាការមកវិញដដែល បេីមានទោសនឹងត្រូវផ្តន្ទាទោស តាមផ្លូវច្បាប់ជាធរមាន និងទី៣ ការដែលមិនបញ្ជូនទៅមណ្ឌលឱកាសខ្ញុំដោយហេតុថា នៅមណ្ឌលឱកាសខ្ញុំ ជាកន្លែងបន្សាបថ្នាំញៀននោះ តូចចង្អៀត និងផ្ទុកអ្នកគ្រឿងញៀនពេញអស់ហើយ។

លោក មាស ច័ន្ទពិសិដ្ឋ បានបញ្ជាក់ថា ព្រះរាជអាជ្ញាអាចបញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀន លុះត្រាតែសាម៉ីខ្លួនព្រម តែរឿងនេះគេមិនព្រមទេ ហើយព្រះរាជអាជ្ញា អាចប្រើវិធានការបង្ខំឲ្យព្យាបាលបាន លុះត្រាតែរកឃើញថា ជននោះញៀនធ្ងន់ធ្ងរ ឬប្រើជម្រើសចោទប្រកាន់ទៅជំនុំជម្រះ ដើម្បីផ្តន្ទាទោសតាមច្បាប់ ដូច្នេះមិនមានជម្រើសអ្វីផ្សេង ក្រៅពីដោះលែងបណ្តោះអាសន្ន ហើយកោះហៅមកជនុំជម្រះតាមក្រោយទេ។

សូមបញ្ជាក់ថា ការចេញមកបកស្រាយខាងលើនេះរបស់ លោក មាស ច័ន្ទពិសិដ្ឋ បានកើតឡើងក្រោយពីសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ រួមមាន លោក ប៊ន សំអាត ស្នងការរង នគរបាលរាជធានីភ្នំពេញ លោក ម៉ក់ ហុង អធិការនគរបាល ខណ្ឌសែនសុខ និងនគរបាលជាច្រើននាក់បានរិះចំៗ និងប្រតិកម្មខ្លាំង ៗថា ជនគ្រឿងញៀនដែលពួកគេ ខំបង្ក្រាប និងចាប់ខ្លួនបានទាំងលំបាក និង ប្រឈមគ្រោះថ្នាក់នោះត្រូវបានលោកព្រះរាជអាជ្ញារង អ៊ុ សុភក្ត្រ និងចៅក្រម សាលាដំបូងរាជធានីភ្នំពេញ ធ្វើការដោះលែងក្រោយបញ្ជូនទៅដល់៕