(ពោធិ៍សាត់)៖ ក្រុមរុករកសង្គ្រោះរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានសាងសសង់ស្នាក់ការសុវត្ថិភាព របស់ខ្លួននៅខេត្តពោធិ៍សាត់ រួចជាស្រេច ដើម្បីត្រៀមប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងបានទាន់ពេលវេលា។
សូមបញ្ជាក់ថា បើតាមលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ នៅទូទាំងខេត្តពោធិ៍សាត់ មានប្រជាពលរដ្ឋប្រមាណ ១៣,០០០គ្រួសារ បណ្តាលឱ្យមនុស្ស៣នាក់ ស្លាប់ ក្នុងនោះមានក្មេងចំនួន២នាក់ បានរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង និងធ្វើឱ្យប៉ះពាល់ដល់ដំណាំស្រូវ និងចំការប្រមាណ ១៥,០០០ហិកតា នេះជារបាយការណ៍បឋម។
បន្ថែមពីនេះ ដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅព្រឹកថ្ងៃទី១៤ ខែតុលានេះដែរ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកអភិបាលខេត្ត បានចុះពិនិត្យការជន់លិច ព្រមទាំងចែកអំណោយដល់ប្រជាពលរដ្ឋរងការជន់លិចនៅទីដាច់ស្រយាលប្រមាណ ៤០០គ្រួសារបន្ថែមទៀត នៅឃុំអន្លង់វិល និងឃុំកញ្ជក្នុងស្រុកកណ្តៀង។
ដោយសារពលរដ្ឋខ្វះមធ្យោបាយធ្វើដំណើរព្រោះការជន់លិចនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម ប្រតិបត្តិករជួរមុខលើសមរភូមិសង្គ្រោះ រួមនិងលោក ម៉ៅ ធនិន បានសម្រេចធ្វើតាមកាណូត និងធ្វើដំណើរលុយទឹកនាំយកស្បៀងអាហារចែកជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះតែម្តង៕