(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា គិតមកដល់ពេលនេះ មានផ្លូវចំនួន២៤៥គីឡូម៉ែត្រ ហើយស្មើនឹង១៩៩កំណាត់ បានរងផលប៉ពាល់ដោយសារទឹកជំនន់ នៅទូទាំងប្រទេសដែលមានចំនួន១៣ខេត្តកំពុងរងផលប៉ះពាល់។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ដូចនេះនាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសដែលលោកបានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលស្ថានភាពទឹកជំនន់ដែលកំពុង ជន់លិចខ្លាំងនៅទំនប់៧មករា ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ២០ នៅសង្កាត់គងនយ ខណ្ឌដង្កោ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា ក្នុងចំណោមកំណត់ផ្លូវទាំង២៤៥គីឡូម៉ែត្រ ផ្លូវដែលប៉ះពាល់នេះមាន៥គីឡូម៉ែត្រ ប៉ះទៅលើផ្លូវកៅស៊ូ AC មាន១២០គីឡូម៉ែត្រ ប៉ះពាល់ផ្លូវកៅស៊ូស្តើ២ស្រទាប់ DBST និង១២០គីឡូម៉ែត្រទៀតប៉ះពាល់លើផ្លូវដីក្រហម។
លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា មកដល់ពេលនេះក្រុមការងារក្រសួងកំពុងតែបន្ត ចុះតាមដាន និងវាយតម្លៃពីស្ថានភាពផ្លូវខូចខាត ដើម្បីត្រៀមឮជួលជុលឡើងវិញ បន្ទាប់ពីទឹកស្រកចុះទៅវិញ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា ដោយឡែកសម្រាប់ផ្លូវលេខ២០ ក្នុងសង្កាត់គងនយ ក្នុងខណ្ឌដង្កោ ដែលកំពុងរងកាវាយប្រហារដោយទឹកជំនន់នេះ លោកបានបញ្ជារឱ្យក្រុមការងារ យកគ្រឿងចក្រមកត្រៀមរួចរាល់ហើយ រង់ចាំការស្តារប្រឡាយដើម្បីរំដោះទឹក ហើយបើសិននៅមិនអាចគ្រប់គ្រងបាន ក្រុមមន្ត្រីជំនាញនឹងពិចារណាក្នុងការកាត់ផ្លូវដើម្បីរំដោះទឹក ជៀសវាងការលិចលង់ធ្ងន់ដែលធ្វើឱ្យប៉ះពាល់ខ្លាំងដល់ពលរដ្ឋ៕