(កណ្ដាល)៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំកម្លាំងក្រោមឱវាទជាច្រើននាក់ ក្នុងនោះមានកម្លាំងចម្រុះ មកពីបញ្ជាការដ្ឋានកងអង្គរក្ស និងកម្លាំងកងរាជអាវុធហត្ថស្រុកផង បានសស្រាក់ស្រាំទាំងអស់គ្នា ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសាជំនន់ទឹកភ្លៀង ទៅកាន់ទីទួលសុវត្ថិភាព។
លោក ឈឿន សុចិត្ត បានប្រាប់ Fresh News ប្រចាំខេត្តថា ក្រោយទទួលដំណឹងថា ពលរដ្ឋភូមិសាម៉ ភូមិទែន ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ជាច្រើននាក់ទទួលរងគ្រោះពីបញ្ហាជំនន់ទឹកភ្លៀង ដែលបង្ករឱ្យលិចលង់ផ្ទះសំបែង គ្មានកន្លែងស្នាក់នៅ ទើបលោកបានដឹកនាំកម្លាំងជាច្រើននាក់ដូចជម្រាបជូនខាងលើ មកជួយសង្រ្គោះភ្លាមៗដោយមិនប្រកាន់អ្វីឡើយ។
លោកបានដាក់បទបញ្ជាឲ្យកម្លាំងក្រោមឱវាទទាំងអស់ ត្រូវសស្រាក់សស្រាំជួយសង្រ្គោះឲ្យបានគ្រប់គ្នា ដោយមិនត្រូវប្រកាន់ឬគិតពីនិន្នានយោបាយអ្វីឡើយ ពោលគឹពេលនេះត្រូវតែជួយសង្រ្គោះ បងប្អូនប្រជាពលរដ្ឋយើងឱ្យរួចផុតពីបញ្ហាសិន។ លោកឧត្តមសេនីយ៍ស្នងការ បានប្រាប់ឱ្យកម្លាំងជួយមើលការខុសឲ្យបានល្អត្រូវឱ្យបានល្អ ចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះនេះ រង់ចាំស្ថានការណ៍ជាបន្តបន្ទាប់៕