(ភ្នំពេញ)៖ កម្ពុជាបានស្នើដល់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EUROCHAM) ឱ្យជួយទាក់ទាញកៀរគរអ្នកវិនិយោគដែលជាសមាជិករបស់ខ្លួន មកវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បីចូលរួមជួយស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់។
ការស្នើយ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងជំនួបរវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក Tassilo BRINZER ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ទើបទទួលតំណែងថ្មី នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នៅទីស្ដីក្រសួងការងារ។
នាឱកាសនោះ លោក អ៉ិត សំហេង បានលើកឡើងពីវឌ្ឍនភាពការងារដែលកម្ពុជាសម្រេចបាន ក្រោមកិច្ចសហប្រតិបត្តិការជាមួយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា នាពេលកន្លងមក ទាំងលើវិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិសេសលើវិស័យវិនិយោគ។
លោកបានបន្តថា ដោយសារវិបត្តិជំងឺកូវីដ-១៩ សេដ្ឋកិច្ចកម្ពុជាបានរងផលប៉ះពាល់យ៉ាងខ្លាំង ពិសេសលើវិស័យការងារ ទេសចរណ៍ ការនាំចេញផលិតផល និងវិស័យនានាមួយចំនួនទៀត ខណៈរាជរដ្ឋាភិបាលកម្ពុជាក៏បានខិតខំដោះស្រាយបញ្ហាទាំងនេះផងដែរ ដោយបានធ្វើពិពិធកម្មសេដ្ឋកិច្ចឡើងវិញ។
លោករដ្ឋមន្ត្រី អ៉ិត សំហេង បានស្នើដល់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ធ្វើយ៉ាងណាផ្ដល់កិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីចូលរួមក្នុងការអនុវត្តគោលនយោបាយជាតិនានារបស់កម្ពុជា។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រី អ៉ិត សំហេង ក៏បានស្នើដល់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជាជួយទាក់ទាញអ្នកវិនិយោគដែលជាដៃគូរបស់ខ្លួន ឱ្យមកវិនិយោគនៅប្រទេសកម្ពុជាបន្ថែមទៀត ហើយកម្ពុជានៅតែស្វាគមន៍ជានិច្ចចំពោះការវិនិយោគរបស់សមាជិកសភាពាណិជ្ជកម្មអឺរ៉ុប។
ម្យ៉ាងវិញទៀត ដោយសហគមន៍អឺរ៉ុបមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសវៀតណាម ដូច្នេះម្ចាស់រោងចក្រ សហគ្រាសអឺរ៉ុបដែលនៅវៀតណាមក៏អាចមកបើកសាខានៅប្រទេសកម្ពុជាបានដែរ ដើម្បីបង្កើតឱកាសការងារថ្មីៗ បង្កើនផលិតភាពសម្រាប់ការនាំចេញទៅអឺរ៉ុប។
ចំពោះសំណើនេះ ត្រូវបានលោក Tassilo BRINZER ឯកភាពយល់ព្រម និងបានបញ្ជាក់ថា លោកនឹងប្រកាសកៀរគរអ្នកវិនិយោគដែលជាសមាជិករបស់សភាពាណិជ្ជកម្មអឺរ៉ុបទាំងឡាយ ពិសេសនៅប្រទេសជិតខាង មានប្រទេសថៃ វៀតណាមជាដើម ឱ្យចាប់អារម្មណ៍ងាកមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ខណៈបរិយាកាសវិនិយោគនៅកម្ពុជាគឺពិតជាមានភាពល្អប្រសើរ។
ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបបានធានាថានឹងខិតខំធ្វើឱ្យផលិតផលដែលផលិតបាននៅកម្ពុជា មានលក្ខខណ្ឌការងារ និងបរិយាកាសនៅកន្លែងធ្វើការល្អប្រសើរជាងមុន ដើម្បីធានាថាផលិតផលដែលនាំចេញទៅកាន់សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងបណ្ដាប្រទេសមួយចំនួនទៀតកាន់តែមានស្ដង់ដាខ្ពស់។
រីឯផែនការយុទ្ធសាស្រ្តរយៈពេលពីរឆ្នាំខាងមុខទៀតរបស់សភាពាណិជ្ជកម្មអឺរ៉ុប គឺធ្វើយ៉ាងណាខិតខំជំរុញ និងទាក់ទាញវិនិយោគិនរបស់អឺរ៉ុបមកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀត ព្រោះកម្ពុជាជាគោលដៅវិនិយោគប្រកបដោយសក្តានុពលមួយនៅក្នុងតំបន់។
ភាគីទាំងពីរបានឯកភាពគ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធបន្ថែមទៀត ដើម្បីសម្រេចបាននូវការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជាឱ្យកាន់តែល្អប្រសើរ ទោះបីមានបញ្ហា EBA ឬបញ្ហាជំងឺកូវីដ-១៩ ក៏ភាគីទាំងពីរនៅតែប្រកៀកស្មាគ្នាជម្នះឧបសគ្គឱ្យបាន។
គួរជម្រាបជូនផងដែរថា សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ ដោយមានសមាគមពាណិជ្ជកម្មបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស។ មកទល់បច្ចុប្បន្នមានសមាជិកជាង ៣៥០ និង ៦ សាខាទូទាំងប្រទេសកម្ពុជា ដែលក្នុងនោះមាន ១១ ប្រទេសពីសហភាពអឺរ៉ុប។ សកម្មភាពចម្បងរបស់សភាពាណិជ្ជកម្ម គឺផ្សព្វផ្សាយ គាំទ្រ និងតំណាងសមាជិករបស់ខ្លួន ក្នុងការសន្ទនាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រួលបរិយាកាសពាណិជ្ជកម្ម និងឱកាសវិនិយោគនៅកម្ពុជា៕