(ភ្នំពេញ)៖ លោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ បានឧបត្ថម្ភអង្ករចំនួន១០តោន ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារទឹកជំនន់នៅខេត្តពោធិ៍សាត់ និងជួបការខ្វះខាត។
ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ អង្ករដែលជាការឧបត្ថម្ភរបស់លោក ស៊ុយ សែម ត្រូវបានបញ្ជូនទៅតំបន់រងគ្រោះ និងប្រឈមជាមួយការរងគ្រោះជាបន្ដបន្ទាប់ ដោយមិនឲ្យប្រជាពលរដ្ឋជួបការខ្វះខាតទាន់នោះឡើយ។
បើតាមក្រុមការងារ រហូតមកដល់ពេលនេះ ក្រៅពីការតាមដានស្ថានភាព និងចុះជាប់ជាមួយអាជ្ញាធរមូលដ្ឋាន លោក ស៊ុយ សែម ក៏កំពុងធ្វើផែនការស្ដារឡើងវិញ នូវការខូចខាតត្រូវរបស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយការខ្វះខាតនៅពេលទឹកស្រកអស់ផងដែរ ហើយក្រុមការងារថ្នាក់ជាតិ មិនបានអង្គុយឱបដៃមើលនោះទេ។
អភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ នៅទូទាំងខេត្តពោធិ៍សាត់ មានប្រជាពលរដ្ឋប្រមាណ ១៣,០០០គ្រួសារ បណ្តាលឱ្យមនុស្ស៣នាក់ ស្លាប់ ក្នុងនោះមានក្មេងចំនួន២នាក់ បានរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង និងធ្វើឱ្យប៉ះពាល់ដល់ដំណាំស្រូវ និងចំការប្រមាណ ១៥,០០០ហិកតា នេះជារបាយការណ៍បឋម៕