(ភ្នំពេញ)៖ «យប់នេះប៉ូលិសដាក់ប៉ុស្តិ៍ត្រួតពិនិត្យគ្រឿងស្រវឹង ចំនួន៥គោលដៅដដែល ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នាយប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ចាប់ពីម៉ោង៩ ដល់ម៉ោង៣ភ្លឺ ដើម្បីសុវត្ថិភាពចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ» នេះបើយោងតាមសម្តី ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់ ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះនាល្ងាចថ្ងៃពុធនេះ។
លោក រុន រ័ត្នវាសនា បានឲ្យដឹងបន្ថែមថា កាលពីយប់មិញ ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦នោះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបាន៩នាក់ ដែលផឹកគ្រឿងស្រវឹង ហើយបើកបរនៅភូមិសាស្រ្ត រាជធានីភ្នំពេញ។ ក្នុងចំណោម៩នាក់នោះ មាន៨នាក់អ្នកបើកម៉ូតូ និងម្នាក់ បើករថយន្ត។
ឧត្តមសេនីយ៍ផ្កាយ៣ រុន រ័ត្នវាសនា បានបញ្ជាក់ថា៖ កាលពីយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦នេះម្សិលមិញ កម្លាំងនគរបាលចរាចរណ៍ បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យ ចាប់ពីម៉ោង៩ ដល់ម៉ោង៣ភ្លឺ ដោយឃាត់មនុស្សបាន០៥នាក់ ដែលផឹកគ្រឿងស្រវឹង ហើយបើកបរនៅភូមិសាស្រ្ត រាជធានីភ្នំពេញ។
ក្នុងចំណោម០៥នាក់នោះ សុទ្ធសឹងជាអ្នកជិះម៉ូតូទាំងអស់។ ហើយយានយន្តដែលបានធ្វើការ ត្រួតពិនិត្យកាលពីយប់មិញ មានចំនួន១,៤១២គ្រឿង, ម៉ូតូចំនួន៖១,០៣៥ គ្រឿង រថយន្ត៖ ៣៧៧គ្រឿង៕