Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សកម្មជនគណបក្សសង្រ្គោះជាតិខេត្តរតនគិរី នៅតែទាមទារឲ្យផ្លាស់ប្តូរថ្នាក់ដឹកនាំបក្សក្នុងខេត្ត

03-02-2016 18:58

(ភ្នំពេញ)៖ បើទោះបីជាមានការសម្របសម្រួលសតិអារម្មណ៍ ពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ខ្លួនយ៉ាងណាក្តី ក៏សកម្មជន និងថ្នាក់ដឹកនាំ គណបក្សសង្រ្គោះជាតិនៅក្នុងខេត្តរតនគិរី នៅតែទាមទារឲ្យផ្លាស់ប្តូរប្រធានក្រុមការងារបក្ស នៅក្នុងខេត្តភូមិភាគឦសាននេះចេញ។ ពួកអ្នកដែលតវ៉ាទាំងនេះបានអះអាងថា បើគ្មានការផ្លាស់ប្តូរទេនោះ ប្រជាពលរដ្ឋនឹងអស់ជំនឿ ហើយប្រជាប្រិយបក្សនឹងថមថយផងដែរ។

លោក អេង ឆៃអ៊ាង អនុប្រធានគណៈកម្មាធិការ នាយកគណបក្សសង្រ្គោះជាតិ រួមនិងថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិជាច្រើនរូបផ្សេងទៀត នៅថ្ងៃទី០២ ខែកុម្ភៈ ម្សិលមិញនេះ បានធ្វើដំណើរទៅកាន់ខេត្តរតនគិរី។ ដំណើរចុះទៅនេះត្រូវបាន លោក អេង ឆៃ អ៊ាង បញ្ជាក់ប្រាប់ Fresh News ថា ក្នុងបំណងពង្រឹងការងារផ្ទៃក្នុងរបស់បក្ស ដែលកំពុងមានភាពចម្រូងចម្រាស់មួយចំនួន។

បើតាមលោក ឆាយ ធី មន្រ្តីអង្គការសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តរតនគីរី បានឲ្យដឹងថា ជម្លោះផ្ទៃក្នុងរបស់ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ នៅខេត្តរតគិរី បានកើតមានជាយូរមកហើយ ហើយនៅថ្ងៃម្សិលមិញ ពួកគេបានទៅស្វែងរកការសម្របសម្រួលពីរូបលោកផងដែរ តែលោកជំរុញឲ្យពួកគេទៅដោះស្រាយជាមួយថ្នាក់ដឹកនាំ ព្រោះវាជារឿងផ្ទៃក្នុងរបស់បក្ស។

លោក សុង យីម ប្រធានគណៈកម្មការប្រតិបត្តិគណបក្សសង្រ្គោះជាតិខេត្តរតនគិរី បានប្រាប់ Fresh News ថា រូបលោករួមនិងសកម្មជនបក្សដទៃទៀត បានទាមទារឲ្យផ្លាស់ប្តូរលោកស្រី យឹម លៀង ប្រធានក្រុមការងារខេត្តនេះចេញ ដោយសារតែលោកស្រីអសមត្ថភាពក្នុងការដឹកនាំ ហើយប្រកាន់បក្ខពួកនិយមថែមទៀត។ លោក សុង យីម បានបង្ហាញអារម្មណ៍មិនពេញចិត្តនោះឡើយ ចំពោះដំណោះស្រាយរបស់ថ្នាក់ដឹកនាំបក្ស នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃម្សិលមិញ ដែលនៅតែឲ្យលោកស្រី យឹម លៀង បន្តកាន់តំណែងប្រធានក្រុមការងារបក្សនៅក្នុងខេត្តនេះ។ លោកអះអាងថា បើមិនផ្លាស់ប្តូរអ្នកស្រី យឹម លៀង ចេញទេ ប្រជាពលរដ្ឋនឹងអស់ជំនឿលើគណបក្សសង្រ្គោះជាតិ។

លោក អេង ឆៃអ៊ាង បានចាត់ទុករឿងជម្លោះថ្នាក់ដឹកនាំបក្សនៅក្នុងខេត្តរតនគិរីថា ជារឿងតូចតាចប៉ុណ្ណោះ។ លោកថា ជម្លោះនេះកើតឡើង ព្រោះការដណ្តើមតួនាទីគ្នា បន្ទាប់ពីឃើញប្រជាប្រិយភាពរបស់បក្សនៅក្នុងខេត្តមានសន្ទុះកើនឡើង៕