(ពោធិ៍សាត់)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ និងជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងសមរភូមិគ្រោះមន្តរាយ បានវាយតម្លៃខ្ពស់បំផុតចំពោះសប្បុរសជនទាំងឡាយ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយគ្រោះទឹកជំនន់។
លោកទេសរដ្ឋមន្ត្រីបានចាត់ទុកការជួយនេះ ជាកាយវិការសប្បុរសដ៏ថ្លៃថ្លាក្នុងការជួយពលរដ្ឋរងគ្រោះ ក៏ដូចជួយដោះស្រាយការលំបាករបស់រាជរដ្ឋាភិបាល។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងដូច្នេះក្នុងពីទទួលជំនួយពីអង្គការការីតាស នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។
អង្គការការីតាសជាអង្គការដែលតែងតែជួយដល់រាជរដ្ឋាភិបាលកម្ពុជា ពេលជួបគ្រោះមហន្តរាយផ្សេងៗ។ ដើម្បីដោះស្រាយការលំបាកគ្រោះទឹកជំនន់ កំពុងវាយប្រហារខេត្តនៅទិសពាយព្យអង្គការនេះ បានផ្តល់អូប័រល្បឿនលឿន២០គ្រឿង តង់៥០០ មុង៥០០ និងភួយ៥០០។
លោកទេសរដ្ឋមន្ត្រី បានថ្លែងកោតសរសើរ ចំពោះអង្គការការីតាសកម្ពុជា ដែលជានិច្ចកាលតែងតែដើរតួជាដៃគូល្អ ជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រាល់ពេលមានគ្រោះមហន្តរាយម្តងៗ។
ជាការកត់សម្គាល់ក្រៅតែពីអង្គការការីតាស មានសប្បុរសជនជាច្រើន បានផ្តល់ស្បៀងអាហារ និងថវិការបស់ពួកគេ ជួយដល់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នេះ។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងថា ការរួមចំណែករបស់សប្បុរសជន ជាការជួយសម្រាលការលំបាករបស់រាជរដ្ឋាភិបាល និងប្រជាជន។ ការជួយនេះ ក៏បង្ហាញឱ្យឃើញពីកាយវិការគាំទ្រ ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
លោកទេសរដ្ឋមន្ត្រីបានថ្លែងថា «ការរួមចំណែករបស់សម្បុរសជន ជាកាយវិការសប្បុរសដ៏ឧត្តុង្គឧត្តម្ភ។ នៅពេលជាតិយើងមានការលំបាក យើងត្រូវរួមគ្នាជម្នះការលំបាកទាំងនេះ។ ដូច្នេះការចូលរួមពីសម្បុរសជន មកពីគ្រប់ផ្នែកជារឿងដ៏ល្អ។ កាយវិការនេះ ក៏បង្ហាញពីការគាំទ្រចំពោះការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ»។
ទន្ទឹមនឹងការវាយតម្លៃខ្ពស់ និងកោតសរសើរហើយនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានថ្លែងអំណរគុណសប្បុរសជន ដែលបានជួយការលំបាករបស់ប្រជាជន និងរាជរដ្ឋាភិបាល។
លោកទេសរដ្ឋមន្ត្រី ក៏បានបន្តអំពាវនាវសម្បុរសជន ចូលរួមចែករំលែក ដើម្បីដោះស្រាយការលំបាក របស់ប្រជាពលរដ្ឋក្នុងគ្រោះទឹកជំនន់៕