(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា ស្នើស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាជួយផ្តល់គម្រោងជំនួយ ដើម្បីជួយដល់ ជនមានពិការភាពរងផលប៉ះពាល់ សេដ្ឋកិច្ចដោយសារជំងឺកូវីដ-១៩។ លោក ឯម ច័ន្ទមករា បានលើកឡើងថា «ខ្ញុំសូមស្នើសុំឱ្យដៃគូអភិវឌ្ឍក៏ដូចស្ថានទូតគិតមើលថា តើយើងអាចជួយសមាគមន៍ដែលដឹកនាំដោយ ជនមានពិការភាព ហើយពុំមានបច្ចេកទេសបានក្នុងរូបភាពណាមួយ ប៉ុន្តែជាទស្សនខ្ញុំៗ ចង់ជួយពួកគេឱ្យក្លាយជាអង្គការរឹងមាំហើយដំណើរការដោយខ្លួនឯងបាននិងមាននិរន្តភាព»។
កន្លងមក ជនមានពិការភាពភាគច្រើនចាប់ផ្ដើមយកជំនាញរបស់គាត់ដូចជា ម៉ាស្សា ប្រគុំតន្ត្រី ប៉ុន្តែសម័យជំងឺកូវីដ ការម៉ាស្សា ការប្រគុំតន្រ្តី បានផ្អាកជាបណ្តោះអាសន្ន ជាហេតុនាំឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ពួកគាត់។ “នេះជាការលើកឡើងរបស់លោករដ្ឋលេខាធិការវ័យក្មេង ឯម ច័ន្ទមករា បានលើកឡើងបែបនេះ ខណៈលោក បានជួបពិភាក្សាការងារជាមួយ លោកស្រី sarah waldey តំណាងស្ថានទូតអូស្ត្រាលី នៅទីស្តីការក្រសួងសង្គមកិច្ច នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។
ប្រសិនបើសមត្ថភាពរបស់អង្គការ/សមាគមន៍ដឹកនាំដោយជនមានពិការភាព នៅមានកម្រិត យើងគួរពង្រឹងសមត្ថភាពនិងជំនាញដល់ពួកគាត់ បើមិនដូច្នេះទេ បើទោះបីជាអង្គការដៃគូអភិវឌ្ឍប្រកាសផ្តល់ជំនួយ ក៏ពួកគាត់មិនអាចសរសេរទទួលថវិកបានដែរ ដូចនេះខ្ញុំស្នើសុំស្ថានទូតអូស្រ្តាលី ឬ កម្មវិធី ACCESS ផ្តល់ឱកាសដល់អង្គការ/សមាគមន៍ទាំងនោះឱ្យបានដូចអង្គការដទៃ»។នេះបើតាមលោករដ្ឋលេខាធិការ ឯម ច័ន្ទមករា លើកឡើងបន្ថែម។
លោកស្រី Sarah waldey តំណាងស្ថានទូតអូស្ត្រាលីបានឆ្លើយតបទទួលស្គាល់កិច្ចការងារដែលបានធ្វើកន្លងមកជាមូួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ មានការរីកចំរើន ប៉ុន្តែទន្ទឹមនេះក៏ជួបបញ្ហាពីកូវីដ-១៩ ដែលបានធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចរស់នៅជនមានពិការភាព ហើយក៏ប៉ះពាល់ដល់ផែនការរបស់ក្រុមការងារ Access ផងដែរ។ ថ្មីៗនេះខ្ញុំបានទៅទស្សន:កិច្ចនៅខេត្តព្រៃវែង និងក្រចេះបានជួបអ្នកផ្ដល់សេវាកម្មផ្នែកពិការភាព អាជ្ញាធរ អ្នកទទួលផល និងស្វែងយល់អំពីបញ្ហាផ្សេងៗ ដែលពួកគាត់ជួបប្រទះ។
លោកស្រី Sarah waldey បានបន្តទៀតថា ការងារជាចំបងរបស់ស្ថានទូតអូស្រ្តាលីគឺផ្ដោតលើសិទ្ធិជនមានពិការភាពជាចម្បង និងសេវាផ្សេងៗ ព្រមទាំងធានាដល់និរន្តភាពនៃសេវាសម្រាប់ជនមានពិការភាព។ កន្លងមកស្ថានទូតអូស្រ្តាលី បានបន្ថែមថវិកាលើកម្មវិធីសម្រាប់វិស័យពិការភាពដែលកំពុងអនុវត្តសព្វថ្ងៃ៕