(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានចេញប្រកាសជាថ្មីមួយទៀត ជម្រាបដល់ម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់ ដែលកំពុងតែដំណើរការផ្សាយ ជារៀងរាល់ថ្ងៃ ឲ្យចាក់ផ្សាយវណ្ណកម្មរបស់ខ្មែរ ចាប់ពីម៉ោង១៩៖០០នាទី ដល់ម៉ោង២១៖០០នាទីយប់ ដើម្បីជាការចូលរួមចំណែក លើកកម្ពស់ស្នាដៃភាពយន្ត និងសិល្បៈវប្បធម៌របស់ខ្មែរ។
ក្នុងលិខិតមួយច្បាប់ ដែលមានចុះហត្ថលេខា ដោយលោក ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា ដើម្បីបំផុស លើកស្ទួយវិស័យសិល្បៈ វប្បធម៌ដ៏រុងរឿង និងអត្តសញ្ញាណជាតិខ្មែរ ឲ្យកាន់តែមានភាពរីកចម្រើនថែមទៀត ក៏ដូចជារួមចំណែកផ្ដល់ ឱកាសដល់សិល្បករ-សិល្បការិនីរបស់ខ្មែរ បានបញ្ចេញនូវស្នាដៃ និងទេពកោសល្យរបស់ខ្លួន ជូនប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិបានទស្សនា ។ ក្រសួងព័ត៌មានបានតម្រូវឲ្យ ស្ថានីយទូរទស្សន៍ខ្សែកាប និងទូរទស្សន៍គ្រប់ប្រភេទ ចាក់ផ្សាយវណ្ណកម្មរបស់ខ្មែរ ចាប់ពីម៉ោង១៩៖០០នាទី ដល់ម៉ោង២១៖០០នាទីយប់ ក្នុងស្ថានីយទូរទស្សន៍របស់ខ្លួន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕
សូមអានសេចក្ដីប្រកាស ដូចខាងក្រោម៖