(ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បាននិងកំពុងដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរចុះពិនិត្យមើលស្ថានភាពផ្លូវទំនប់សណ្តរស្ទឹង ក្នុងភូមិថ្ម សង្កាត់ទៀន ខណ្ឌដង្កោ ខណៈមានការគំរាមកំហែងដោយជំនន់ទឹកភ្លៀងនៅតាមដងស្ទឹងព្រែកត្នោត ដើម្បីរិះរកមធ្យោបាយធ្វើយ៉ាងណាទប់ស្កាត់ការបាក់ទំនប់ដងស្ទឹង បង្កគ្រោះមហាន្តរាយ ដល់ប្រជាពលរដ្ឋ។
លោក ឃួង ស្រេង ក្នុងឱកាសដឹកនាំអាជ្ញាធរ និងមន្ត្រីជំនាញចុះមើលស្ថានភាពនេះ លោកបានដាក់បទបញ្ជាឲ្យបញ្ជូនគ្រឿងចក្រជាបន្ទាន់ជាមួយ រថយន្តដឹកដីដើម្បីដឹកមកចាក់បំពេញកន្លែង ដែលមានទឹកហូរកាត់នេះ ចៀសវាងបង្កគ្រោះមហន្តរាយដល់ប្រជាពលរដ្ឋ។
លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានបញ្ជាក់ឲ្យដឹងថា នៅទំនប់សណ្តរស្ទឹងព្រែកត្នោត ក្នុងភូមិថ្ម សង្កាត់ទៀននេះ បានគំរាមកំហែងដោយជំនន់ទឹកភ្លៀងមានប្រជាពលរដ្ឋរស់នៅចំនួន ៦០គ្រួសារ ហើយផ្លូវទំនប់ដងស្ទឹងដែលត្រូវបានគំរាមកំហែងនេះមានប្រមាណជា៣គីឡូ ចាប់ពីព្រំប្រទល់សង្កាត់គងនយ រហូតដល់សង្កាត់ស្ពានថ្ម។
លោកស្រីក៏បានបញ្ជាក់ផងដែរថា នៅក្នុងមូលដ្ឋានរបស់លោកស្រីទាំង១២សង្កាត់ ក្នុងនោះមានសង្កាត់ចំនួន៧ហើយ ដែលបានទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀងនេះ ហើយខណៈនេះ អភិបាលរាជធានីភ្នំពេញ កំពុងដឹកនាំកម្លាំងដើម្បីទប់ទំនប់ដងស្ទឹងនេះកុំឲ្យបាក់ដោយដោយជំនន់ទឹកភ្លៀងបង្កគ្រោះមហាន្តរាយដល់ប្រជាពលរដ្ឋ។
ជាងនេះទៅទៀតលោក ឃួង ស្រេងក៏បានណែនាំទៅអភិបាលខណ្ឌដង្កោ លោកចៅសង្កាត់ និងមេភូមិទាំងអស់ចាត់វិធានការបន្ទាន់ ដើម្បីទប់ និងដើរចលនាប្រជាពលរដ្ឋឲ្យចូលរួមពិសេសម្ចាស់ដី ដើម្បីរួមគ្នាទប់ស្កាត់ការបាក់ទំនប់នេះឲ្យបាន។
គួរជម្រាបថា កាលពីព្រឹកមិញពាក់ព័ន្ធស្ថានភាពទឹកស្ទឹងត្រែត្នោតនេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួង បានចុះពិនិត្យ និងបញ្ជាការងារអន្តារាគមន៍ផ្ទាល់ នៅលើបណ្តោយខ្នងទំនប់សណ្តរស្ទឹងព្រែកត្នោត ដែលពេលនេះកំពុងប្រឈមដោយជំនន់ទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល។
ស្ថានភាពទឹកនៅទ្វារ ទំនប់អាងទឹក៧មករាព្រឹកនេះទឹក មានកម្ពស់៨,៨០ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញមានការកើនឡើង ០,៤៥ម៉ែត្របន្ថែម លើសកម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ៧ម៉ែត្រ ធ្វើឲ្យកម្ពស់ទឹកក្នុងស្ទឹងឡើងជិតស្មើនឹងខ្នងទំនប់នៅតាមទីទំនាបមួយចំនួន។
ចាប់តាំងពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ ក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក បានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ចំនួន ២៧គ្រឿង និងកម្លាំងពលកម្មប្រចាំការ២៤ម៉ោងនិង ជាពិសេសតាំងពីយប់ម្សិលមិញ រហូតដល់វេលាថ្ងៃត្រង់នេះ ក្រុមការងាររបស់ក្រសួងបានខិតខំអន្តរាគមន៍ រហូតគ្រប់គ្រងសភាពការណ៍ស្ថានភាពទឹកជំនន់ ដែលកំពុងយាយីបានទាំងស្រុងមកវិញ៕