(ប៉ៃលិន)៖ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ លោកស្រី បាន ស្រីមុំ អ៉ីឈាន អ្នកតំណាងរាស្រ្តគណបក្ស ប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន រួមនិងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អាហារ ពេលព្រឹកគុយទាវដល់លោកយាយ លោកតាចាស់ជរាក្រីក្រគ្មានទីពឹងក្នុងខេត្តចំនួន ១៦០នាក់ ។
ក្នុងឱកាសនោះលោកស្រីបានផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះលោកយាយ លោកតា ដោយសម្តេចសូមជូនពរ ឲ្យលោកយាយ លោកតាទាំងអស់មានសុខភាពល្អបរិបូរណ៍ និងមានអាយុយឺនយូរ ។
ក្នុងនាមលោកស្រី ជាអ្នកតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា ក្នុងមណ្ឌលប៉ៃលិន តែងតែបានយកចិត្តទុកដាក់ពីជីវភាព រស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយលោកស្រី បានរៀបចំនិងបង្កើតជាកម្មវិធីជាច្រើនសម្រាប់បម្រើ និងជួយសម្រាលការលំបាកនានា ជូនប្រជាពលរដ្ឋ ដែលរួមមាន ការពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃ ការផ្តល់ប្រាក់ឧបត្ថម្ភជាប្រចាំរាល់ខែដល់ចាស់ជរាក្រីក្រ គ្មានទីពឹង ឧបត្ថម្ភគាំទ្រស្រី្តមានផ្ទៃពោះក្រីក្រ ក្នុងការពិនិត្យ និងសម្រាលកូន ដោយឧបត្ថម្ភថវិកាសម្រាប់សេវាសម្រាល និងផ្តល់ជាគ្រឿងឧបភោគ បរិភោគ ដឹកបញ្ជូនប្រជាពលរដ្ឋមានជំងឺ ជនរងគ្រោះ និងគ្រោះថ្នាក់ផ្សេងៗ មកមន្ទីរពេទ្យបង្អែកខេត្តដោយឥតគិតថ្លៃ និងជួយដោះស្រាយការលំបាកផ្សេងៗទៀតដូចជា ជីកស្រះទឹក និង សាងសង់អណ្តូងទឹកសម្រាប់ជាប្រយោជន៍ ក្នុងការប្រើប្រាស់ចំពោះប្រជាពលរដ្ឋរស់ នៅតំបន់ដាច់ស្រយ៉ាលខ្វះទឹកប្រើប្រាស់។
ក្នុងការចុះជួបសួរសុខទុក្ខ លោកស្រី និងក្រុមការងារ បានចុះដល់លំនៅដ្ឋានផ្ទាល់ ដោយបានផ្តល់ជាអាហារពេលព្រឹកគុយទាវ និងថវិការបស់ មូលនិធិគាំទ្រសុខភាពសង្រ្គោះបន្ទាន់ចាស់ជរាក្រីក្រគ្មានទីពឹង ម្នាក់ៗទទួលបានថវិកា ១០០,០០០រៀល ជាប្រចាំ រាល់ថ្ងៃទី០៣ នៃខែនីមួយៗ ដោយមូលនិធិនេះបានបង្កើតឡើងតាំងពីឆ្នាំ២០១១ មកដល់បច្ចុប្បន្ន ដោយទទួលបានការឧបត្ថម្ភគាំទ្រ ជាពិសេសេពីលោក អ៉ី ឈាន និងលោកស្រី ព្រមទាំងសប្បុរសក្នុង និងក្រៅប្រទេសផងដែរ។
ដោយឡែកនាពេលនេះចំពោះគ្រួសារ លោកយាយ លោកតា ពីរគ្រួសារ ដែលមានជីវភាពលំបាកខ្លាំង លោកស្រី បានផ្តល់បន្ថែមនូវមួយគ្រួសារៗ អង្គរ៥០គីឡូក្រាម មី២កេស និងភេសជ្ជៈមួយចំនួនផងដែរ៕