(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត សាខាកាកបាទក្រហមខេត្ត យុវជនកាកបាទក្រហម និងសិស្សកាយារិទ្ធិ សរុបចំនួនប្រមាណ ២០០នាក់ បន្តធ្វើយុទ្ធនាការសម្អាតអនាម័យជុំវិញបុរីរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីបន្តពញាក់ស្មារតីពលរដ្ឋលើការងារអនាម័យបរិស្ថាន។
យុទ្ធនាការលើកកម្ពស់សោភ័ណភាពក្នុងបុរីរដ្ឋបាលខេត្តនេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ តែងតែដឹកនាំចុះធ្វើជាបន្តបន្ទាប់ ក្នុងន័យបំផុសឲ្យពលរដ្ឋគិតគូរយកចិត្តទុកដាក់ក្នុងការទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ។ ដោយឡែក សកម្មភាពនាថ្ងៃនេះ ក៏ដូចជាធ្វើឡើងក្នុងគោលបំណងដើម្បីអបអរសាទរ «ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២០ » ក្រោមប្រធានបទ «ទេសចរណ៍និងការអភិវឌ្ឍជនបទ» រួមជាមួយ «ទិវាពិភពលោកស្អាតលើកទី០៣» ក្រោមការរៀបចំដោយរដ្ឋបាលខេត្ត សហការជាមួយមន្ទីរទេសចរណ៍ និងមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ លោកស្រី នីចាន់ធីតា អភិបាលរងខេត្ត បានធ្វើការអានសារលិខិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអបអរសាទរទិវារទេសចរណ៍ពិភពលោក នាពេលកន្លងទៅ។ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសម្តែងនូវការសាទរ នូវខ្លឹមសារដ៏មានអត្ថន័យ ក្នុងស្មារតីរបស់រាជរដ្ឋាភិបាលកម្ពុជា បន្តលើការងារថែរក្សាអនាម័យតាំងពីទីក្រុង រហូតដល់ជនបទ គោលដៅទាក់ទាញភ្ញៀវទេសចរ បើទោះបីក្នុងកាលៈទេសៈដ៏លំបាក ក្នុងគ្រានៃការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩នេះក៏ដោយ។
ថ្លែងទៅកាន់មន្ត្រីរាជការ និងសិស្សានុសិស្ស លោកបណ្ឌិត អភិបាលខេត្ត បានលើកឡើងថា «អនាម័យដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសុខភាព» ពោលគឺ អនាម័យផ្តើមចេញពីយើងម្នាក់ៗគ្រប់ៗគ្នា ដោយផ្តើមចេញពីការចេះស្រលាញ់ភាពស្អាត មានអនាម័យ ចេះទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងមានសុវត្ថិភាពដោយមិនបោះចោលពាសវាសពាសកាល នោះសុខភាពយើងនឹងល្អទាំងអស់គ្នា។
បន្ថែមពីនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានផ្តាំផ្ញើដល់មន្ត្រីរាជការ និងសិស្សានុសិស្សទាំងអស់ ត្រូវធ្វើជាគំរូល្អដល់ក្រុមគ្រួសារ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនលើការងារអនាម័យនេះ ដើម្បីសោភ័ណភាព និងសុខភាព ពិសេសត្រូវបន្តថែរក្សាអនាម័យ ដើម្បីបន្តរួមគ្នាការពារការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា។
សូមជម្រាបថា នៅក្នុងអាណត្តិដឹកនាំរបស់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានដឹកនាំមន្រ្តីរាជការ យុវជន និងប្រជាពលរដ្ឋ ធ្វើការដាំកូនឈើ ពិសេសចុះសម្អាតរក្សាអនាម័យស្ទើរគ្រប់ទីកន្លែងនានាក្នុងខេត្ត មិនថានៅក្នុងបរិវេណសាលារៀន វត្តអារាម ទីសាធារណៈនោះឡើយ ពិសេសក្នុងបុរីរដ្ឋបាលខេត្ត ដើម្បីធ្វើយ៉ាងឲ្យបរិស្ថានក្នុងខេត្តទាំងមូល មានភាពស្រស់បំព្រង អនាម័យល្អ មានផាសុខភាពដល់ប្រជាពលរដ្ឋ ក៏ដូចជាសម្រាប់ភ្ញៀវទេសចរ ដែលមកលេងកម្សាន្តនៅទីនេះ៕