(ភ្នំពេញ)៖ លោក ណុប ផា អភិបាលរង តំណាងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានថ្លែងអំណរគុណចំពោះការជឿជាក់ និងទុកចិត្តពីអ្នកវិនិយោគ ដែលបណ្តាក់ទុនរកស៉ី នៅក្នុងដែនដីរបស់ខ្លួន។ លោកចាត់ទុកថា ការវិនិយោគទាំងនេះនឹងចូលរួមជួយបង្កើនជីវភាពប្រជាពលរដ្ឋ តាមរយៈការផ្តល់ការងារធ្វើ ដល់ពួកគាត់ផងដែរ។
ការថ្លែងអំណរគុណនេះ បានធ្វើឡើងក្នុងឱកាសលោកចូលរួមជាអធិបតីសម្ពោធ ក្រុមហ៊ុន ខែមដ្រាយ ខេមបូឌា ដែលជាក្រុមហ៊ុននាំមុខគេលំដាប់ពិភពលោក ឯកទេសក្នុងការផ្តល់សេវាកម្មសម្អាតកម្រាលព្រំ គ្រឿងសង្ហារឹមសាឡុង ពូកគេង និងវាំងនន មកពីសហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះ មានតំណាងសិទ្ធផ្តាច់មុខតាមតំបន់ដល់ទៅជាង ៣៥០០ទូទាំងពិភពលោក និងបានផ្តល់តំណាងសិទ្ធផ្តាច់មុខទី១របស់ខ្លួន សម្រាប់តំបន់ច្បារអំពៅ ហៅថា ខែមដ្រាយ ច្បារអំពៅ បន្ទាប់ពីក្រុមហ៊ុននេះ បានឈរជើងយ៉ាងរឹងមាំ និងទំនុកចិត្តក្នុងទីផ្សារកម្ពុជាអស់រយៈពេល ២ឆ្នាំកន្លងមក។
«ខ្ញុំពិតជាមានមោទនភាព និងក្តីរីករាយណាស់ដែលខណ្ឌច្បារអំពៅទទួលបានការយកចិត្តទុកដាក់ និងការវិនិយោគពីវិស័យឯកជន ដែលញ៉ាំងឲ្យភាពរស់រវើកនៃសេដ្ឋកិច្ច និងសង្គមកិច្ច នៃខណ្ឌទាំងមូលកាន់តែប្រសើរឡើង»។ នេះជាការបញ្ជាក់របស់ អភិបាលរងខណ្ឌ។
លោកអភិបាលរងខណ្ឌ ក៏បានលើកឡើងដែរថា សន្តិភាពបាននាំមកនូវការអភិវឌ្ឍឥតឈប់ឈរ នាំឱ្យប្រជាជនកាន់តែមានជីវភាពប្រសើរឡើង និងលទ្ធភាពច្រើនជាងមុន ក្នុងការទទួលយកនូវផលិតផល និងសេវាកម្មដែលមានគុណភាពប្រសើរជាងមុន។ លោកបានបន្ថែមថា ខណ្ឌច្បារអំពៅមានវិសាលភាពធំណាស់ ដោយមានប្រជាពលរដ្ឋរស់នៅជាច្រើនបើធៀបនឹងខណ្ឌដទៃ ហើយថែមទាំងមានបុរីប៉េងហួត និងបុរីសម្បត្តិមានហេង ដែលបានអភិវឌ្ឍន៍លំនៅដ្ឋានក្នុងតំបន់ច្បារអំពៅរាប់រយហិចតា ផ្តល់ជូននូវសហគមន៍ដ៏សែនមនោរម្យ និងទំនើបផងដែរ។
លោក ណុប ផា បានកោតសរសើរចំពោះសេវាកម្មរបស់ខែមដ្រាយ ដែលជាសេវាកម្មមួយប្រកបដោយភាពងាយស្រួល និងផ្តល់នូវផលចំណេញចំពោះគ្រួសារនីមួយៗ ជាពិសេសជួយសម្រួលដល់បងប្អូនជាស្ត្រីមេផ្ទះ ដែលមរមាញឹកជាមួយក្រុមគ្រួសារផង និងការងារខាងក្រៅផង ហើយលោកក៏លើកទឹកចិត្តនិ ងណែនាំឲ្យប្រជាពលរដ្ឋដែលមានលទ្ធភាព គួរសាកល្បង និងប្រើប្រាស់សេវាកម្មសម្អាតរបស់ខែមដ្រាយ ដើម្បីសម្រាលដល់ការងារផ្ទះប្រចាំថ្ងៃរបស់ក្រុមគ្រួសារ។
លោក David R. Sequeria មន្ត្រីសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បង្ហាញនូវការគាំទ្រយ៉ាងខ្លាំង ចំពោះសេវាកម្មខែមដ្រាយ និងមានមោទនភាពដែលបានចូលរួមជាលើកទី២ ក្នុងពិធីសម្ពោធរបស់ខែមដ្រាយ ច្បារអំពៅ ដែលកាលពី២ឆ្នាំមុន ខែមដ្រាយបានមកដល់កម្ពុជា និងប្រារព្ធពិធីសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពឯកអគ្គរដ្ឋទូតសហរដ្ឋអាមរិកទៀតផង។
លោកក៏បានធ្វើការកត់សម្គាល់ថា ប្រទេសកម្ពុជាបាននិងកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំង ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់បើទោះបីកំពុងឆ្លងកាត់វិបត្តិកូវីដក៏ដោយ។ ការអភិវឌ្ឍនេះ នាំឲ្យកម្រិតជីវភាពប្រជាជនជារួមប្រសើរឡើង និងជាពេលវេលាដ៏សាកសម ដែលសេវាកម្មសម្អាតប្រកបដោយគុណភាពនេះ បានចូលរួមបម្រើដល់ការរក្សាបាននូវផាសុកភាព និងសុខុមាលភាពមួយចំណែកទៀតដល់ប្រជាជនកម្ពុជា។
លោក ប៉ិច បូឡែន ជាតំណាងសិទ្ធផ្តាច់មុខ ខែមដ្រាយ សម្រាប់តំបន់ច្បារអំពៅ បានថ្លែងថា លោកនិងមិត្តភក្តិដែលរស់នៅតំបន់ច្បារអំពៅ បានសម្រេចចិត្តនាំយកសេវាកម្មខែមដ្រាយមក ដើម្បីបម្រើដល់ប្រជាជននៅតំបន់ច្បារអំពៅ ដើម្បីសុខភាព និងសុខុមាលភាពកាន់តែប្រសើរ ហើយចំណេញពេលវេលាផងដែរ។
ក្នុងនាមលោកជាអ្នកអប់រំមួយរូប ដែលបានធ្វើការជាច្រើនជាមួយកុមារ យុវជន និងក្រុមគ្រួសារទូទៅ លោកសង្កេតឃើញថា បញ្ហាសុខភាពរបស់កុមារជារឿងមួយសំខាន់ ដើម្បីធានាបាននូវការលូតលាស់ និងការរីកចម្រើនរបស់កុមារ ហើយបន្ទាប់ពីលោកបានជួបជាមួយលោកស្រី ស៊ូ មុន្នីវ័គ ដែលជាក្រុមហ៊ុនទទួលសិទ្ធផ្តាច់មុខ ខែមដ្រាយ សម្រាប់ប្រទេសកម្ពុជា ទើបលោក សម្រេចចិត្តវិនិយោគនៅក្នុងវិស័យនេះ ដើម្បីលើកកម្ពស់សុខភាពក្រុមគ្រួសារ និងផាសុកភាពកន្លែងធ្វើការ ហើយក៏ជាសេវាមួយដែលបំពេញបន្ថែមជូនដល់មាតាអាណាព្យបាលរបស់សិស្ស នៅក្នុងបណ្តាញសាលារៀនរបស់លោកផងដែរ៕