(កណ្ដាល)៖ ក្នុងឱកាសចុះត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ មធ្យោបាយគ្រឿងបំពាក់ សម្ភារសង្រ្គោះគ្រោះមហន្តរាយ និងបើកវគ្គបំប៉នជំនាញអាវុធហត្ថឆមាស២ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ នៅបញ្ជាការដ្ឋានអាវុធហត្ថខេត្តកណ្ដាល លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជារកងរាជអាវុធហត្ថខេត្តកណ្ដាល បានបញ្ជាដល់ កងកម្លាំងអាវុធហត្ថទាំងអស់នៅទូទាំងខេត្ត ត្រូវត្រៀមខ្លួនក្នុងការជួយសង្រ្គោះពលរដ្ឋ បើសិនជាមានករណីចាំបាច់ណាមួយកើតឡើង។
លោកឧត្តមសេនីយ៍ត្រី សំ តុលា បានបន្តថា ដោយអនុវត្តតាមបទបញ្ជារបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានសហការណ៍យ៉ាងខ្ជាប់ខ្ជួនជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ។
លោកឧត្តមសរនីយ៍ត្រី បន្តថា លោកនាយឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជារៀងរាល់ឆ្នាំតែងតែបានដាក់ចេញផែនការ ហ្វឹកហ្វឺនបំប៉នជំនាញ សង្រ្គោះគ្រោះមហន្តរាយ ដល់កម្លាំងកងរាជអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសទាំងអស់ បន្តហ្វឹកហាត់រៀនសូត្រ និងត្រៀមជួយសង្គ្រោះប្រជា ពលរដ្ឋគ្រប់ពេលវេលា។
លោកបន្តថា កម្លាំងទាំងអស់នៅតាមគោលដៅគ្រប់តហរូវត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបអន្តរាគមន៍បន្ទាន់ បើសិនជាមានករណីចាំបាច់ណាមួយកើតឡើង ហើយត្រូវដុតដៃដុតជើងជួយសង្រ្គោះឱ្យបានល្អប្រសើរបំផុត៕