(ភ្នំពេញ)៖ មន្រ្តីនគរបាលជាន់ខ្ពស់រាជធានីភ្នំពេញ និងនគរបាលមូលដ្ឋាន បានបញ្ចេញប្រតិកម្មខ្លាំងៗ ចំពោះចំណាត់ការទន់ខ្សោយរបស់មន្រ្តីតុលាការទាំងព្រះរាជអាជ្ញា និងចៅក្រម ក្រោយពីជនសង្ស័យ២៥នាក់ពាក់ព័ន្ធ នឹងបទល្មើសគ្រឿងញៀន ដែលកម្លាំងនគរបាលចាប់ខ្លួនបាននោះ ត្រូវបានដោះលែងអស់ហើយ បន្ទាប់ពីបញ្ជនទៅកាន់តុលាការ នៅថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០១៦នេះ។
លោក ប៊ន សំអាត ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែនគ្រឿងញៀន បានបញ្ចេញប្រតិកម្មខ្លាំងៗថា ជនសង្ស័យទាំងអស់ពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវបានលោកព្រះរាជអាជ្ញារង អ៊ុំ សុភក្រ្ត ដោះលែងអស់ហើយ ក្រោយចាប់ខ្លួន ជាបន្តបន្ទាប់ដែលខ្លះនៅតំបន់បឹងឈូកដ៏ស្មុគស្មាញ។
ស្នងការរងរូបនេះ បានបញ្ជាក់ថា «យើងជាសមត្ថកិច្ចតាមចាប់ចង់ងាប់គ្មានពេលដេកពួន តែពេលបញ្ជូនទៅតុលាការស្រាប់តែដោះលែង ដោះលែង... គ្មានការគិតគូពីភាពនឿយហត់របស់សមត្ថកិច្ចនោះឡើយ» ។
លោកបានបន្តទៀតថា «តាមបញ្ជាពីលោកអភិបាលរាជធានីភ្នំពេញ និងលោកស្នងការ គឺអ្នកប្រើប្រាស់ត្រូវបញ្ជូនទៅមជ្ឈមណ្ឌលឱកាសខ្ញុំ ប៉ុន្តែពេលយើងខំទៅចាប់ ដើម្បីរក្សាសន្តិសុខតាមមូលដ្ឋាន កាត់បន្ថយបទល្មើសលួច ឆក់ ប្លន់... បែរជាលោកព្រះរាជអាជ្ញា និងលោកចៅក្រមមួយចំនួន ដោះលែងទាំងអស់ តើយុត្តិធម៌ទេ ហើយខ្ញុំប្រតិកម្មបែបនេះ ចង់ដកដំណែងខ្ញុំនៅថ្ងៃស្អែក ក៏ដកទៅ...»។
បើតាមស្នងការរងរូបនេះ កន្លងទៅក៏មានព្រះរាជអាជ្ញា និងចៅក្រមមួយចំនួន បានដោះលែងមុខសញ្ញាគ្រឿងញៀននេះ ដោយគ្មានផ្តល់ដំណឹងដល់សមត្ថកិច្ចនោះឡើយ សូម្បីតែតែការអំពាវនាវរបស់ចៅហ្វាយក្រុង ក៏មិនស្តាប់ផង ដូច្នេះលោកសូមអំពាវនាវដល់តុលាការ គិតគូពីការនឿយហត់ និងការលំបាករបស់សមត្ថកិច្ចផង កុំឲ្យចាប់បញ្ជូនទៅដោះលែងៗនោះ តើយើងមានកម្លាំងឯណាចុះចាប់ជនល្មើសទៀត។
ដោយឡែក លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ ក៏បានបញ្ចេញប្រតិកម្មផងដែរ ចំពោះចំណាត់ការរបស់លោកព្រះរាជអាជ្ញា និងចៅក្រមដែលបានដោះលែងជនគ្រឿងញៀនទាំងនេះ ក្រោយពីកម្លាំងនគរបាលធ្វើការបង្ក្រាប និងចាប់ខ្លួនជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយបទល្មើស តាមមូលដ្ឋាន ជាពិសេសបញ្ហាគ្រឿងញៀននេះតែម្តង។ នេះបើយោងតាមមន្រ្តីនគរបាលខណ្ឌសែនសុខ បានលួចបង្ហើបយ៉ាងដូច្នេះ។
ពាក់ព័ន្ធនឹងករណីនេះ យើងខ្ញុំមិនអាចសំុការបំភ្លឺការពីខាងស្ថាប័នតុលាការ បាននោះទេ គិតត្រឹមរសៀលថ្ងៃនេះ។
នៅយប់ថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០១៦ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលតាមមូលដ្ឋាន បានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ជាបន្តបន្ទាប់រហូតឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យ២៥នាក់ ដកហូតថ្នាំជាង៥០កញ្ចប់ និងម៉ូតូ១០គ្រឿង ហើយក៏បញ្ជូនខ្លូនទៅតុលាការ ស្រាប់តែតុលាការសម្រេចដោះលែងទាំងអស់តែម្តង៕