(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ កម្លាំងប៉ុស្ដិ៍នគរបាលសង្កាត់គងនយ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចេញប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងការវាយប្រហារដោយទឹកជំនន់ស្ទឹងព្រែកត្នោត នៅខណ្ឌដង្កោ។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News រហូតមកដល់ម៉ោងជាង ២រសៀលថ្ងៃនេះ ស្ថានភាពទឹកជំនន់តាមសន្តរស្ទឹង បានចូលដល់ផ្ទះប្រជាពលរដ្ឋ ចំនួន៤៥៥ខ្នងផ្ទះ ដែលរស់នៅតាមសន្តរស្ទឹង ក្នុងភូមិចំនួន២៣ភូមិ និងសង្កាត់ចំនួន១០សង្កាត់។
បើតាមសេចក្ដីរាយការណ៍ កម្លាំងនគរបាលរាជធានីភ្នំពេញ នៅបន្ដត្រៀមលក្ខណៈជានិច្ច ២៤ម៉ោង លើ២៤ម៉ោង ដើម្បីចេញអន្ដរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់។
ពាក់ព័ន្ធស្ថានភាពទឹកស្ទឹងត្រែត្នោតនេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួង បានចុះពិនិត្យ និងបញ្ជាការងារអន្តារាគមន៍ផ្ទាល់ នៅលើបណ្តោយខ្នងទំនប់សណ្តរស្ទឹងព្រែកត្នោត ដែលពេលនេះកំពុងប្រឈមដោយជំនន់ទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល។
ស្ថានភាពទឹកនៅទ្វារ ទំនប់អាងទឹក៧មករាព្រឹកនេះទឹក មានកម្ពស់៨,៨០ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញមានការកើនឡើង ០,៤៥ម៉ែត្របន្ថែម លើសកម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ៧ម៉ែត្រ ធ្វើឲ្យកម្ពស់ទឹកក្នុងស្ទឹងឡើងជិតស្មើនឹងខ្នងទំនប់នៅតាមទីទំនាបមួយចំនួន។
ចាប់តាំងពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ ក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក បានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ចំនួន ២៧គ្រឿង និងកម្លាំងពលកម្មប្រចាំការ២៤ម៉ោងនិង ជាពិសេសតាំងពីយប់ម្សិលមិញ រហូតដល់វេលាថ្ងៃត្រង់នេះ ក្រុមការងាររបស់ក្រសួងបានខិតខំអន្តរាគមន៍ រហូតគ្រប់គ្រងសភាពការណ៍ស្ថានភាពទឹកជំនន់ ដែលកំពុងយាយីបានទាំងស្រុងមកវិញ។
សូមរំលឹកថា នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាឲ្យអង្គភាពនគរបាលគ្រប់រាជធានី-ខេត្ត ត្រៀមខ្លួន២៤ម៉ោងលើ២៤ម៉ោង ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់។ បទបញ្ជាអគ្គស្នងការនគរបាលជាតិ បានធ្វើឡើងខណៈដែលបណ្តាខេត្តមួយចំនួន នៅភាគខាងលិចប្រទេសកម្ពុជា កំពុងរងគ្រោះដោយទឹកជំនន់ ដែលបណ្តាលមកពីធ្លាក់ភ្លៀងខ្លាំងជាបន្តបន្ទាប់ ខណៈដែលការព្យាករណ៍បានបញ្ហាថា នឹងមានភ្លៀងថែមទៀត នៅកម្ពុជា៕