(ភ្នំពេញ)៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចេញសេចក្ដីជូនដំណឹង ដល់កសិករចិញ្ចឹមសត្វ ដែលបានជនៀសសត្វរបស់ខ្លួន ទៅកាន់ទីទួល សុវត្ថិភាព សូមតាមដានសុខភាពសត្វជាប្រចាំ និងរាយការណ៍ មកមន្ត្រីជំនាញបសុពេទ្យ ដែលនៅជិតបំផុត ភ្នាក់ងារសុខភាពសត្វភូមិ ឬអាជ្ញាធរមូលដ្ឋាន ក្នុងករណីសត្វឈឺ ដើម្បីមន្ត្រីជំនាញចុះអន្តរាគមន៍ព្យាបាល បានទាន់ពេលវេលា។
តាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បានបន្ថែមទៀតថា ដោយឡែកតំបន់ដែលមិនទាន់ទទួលរងនូវទឹកជំនន់ ត្រូវត្រៀមលក្ខណៈសង្គ្រោះសត្វ និងចាត់វិធានការទប់ស្កាត់ការឆ្លងរាលជំងឺសត្វផ្សេងៗ ដូចជាទីទួលសុវត្ថិភាព មិនលិចទឹកដែលនៅជិតបំផុត ត្រៀមចំណី-ទឹក ឲ្យបានគ្រប់គ្រាន់ និងមានអនាម័យល្អ ត្រៀមធ្វើសម្រាប់ដាក់សត្វ និងមធ្យោបាយសម្រាប់សង្គ្រោះសត្វ។
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានគូសបញ្ជាក់ថា ក្នុងករណី មានជំងឺឆ្លងរាលដាលសត្វ សូមទំនាក់ទំនងមក អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ តាមរយៈទូរស័ព្ទលេខ ០១២ ៤៨៣ ៥៧៨ និងលេខ ០១២ ៩៥២ ៥១៨ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត តាមរយៈលេខទូរស័ព្ទដូចមានជូនភ្ជាប់៕