(ភ្នំពេញ)៖ ស្ថានីយទូរទស្សន៍ កងយោធពលខេមរភូមិន្ទប៉ុស្ដិ៍លេខ៥ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦នេះ បានរៀបចំពិធីក្រុងពាលី ថតរឿងថ្មីមួយទៀត មានចំណងជើងថា«វាលស្រែស្នេហ៍ខ្ញុំ» ដែលជាកិច្ចសហការផលិត រវាងអ្នកដឹកនាំសម្ដែងនៃប្រទេសកម្ពុជា និងថៃ បន្ទាប់ពីរឿងទី១មានចំណងជើងថា «ភ្លើងស្នេហ៍ ភ្លើងឫស្សា» កំពុងដំណើរការថត ដើម្បីចាក់បញ្ចាំងក្នុងស្ថានីយទូរទស្សន៍មួយនេះ ក្នុងម៉ោងពិសេស តាមសេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងព័ត៌មាន។ ចំណុចពិសេសក្នុងរឿងនេះ ត្រូវបានអ្នកដឹកនាំសម្ដែងបង្ហើបថា ផ្ដោតសំខាន់លើមនោសញ្ចេតនា ស្នេហាបែបស្រុកស្រែ និងលើកតម្កើងវិស័យកសិកម្ម ធ្វើស្រែចំការ របស់ប្រជាពលរដ្ឋខ្មែរ។
ពិធីក្រុងពាលីនាព្រឹកមិញនេះ ក៏មិនខុសពីពេលកាលក្រុងពាលីថតរឿងទី១ដែរ ដោយបានធ្វើឡើងនៅចំណុច ក្បែរអាងហែលទឹក នៃសណ្ឋាគារសូហ្វីតែលភ្នំពេញ ដោយមានការចូលរួមពីសំណាក់ ផលិតករខ្មែរ-ថៃ តារាសម្ដែងល្បីៗក្នុងរឿងទាំងអស់ ថ្នាក់ដឹកនាំ និងក្រុមការងារ នៃស្ថានីយទូរទស្សន៍ ប៉ុស្ដិ៍លេខ៥ ជាច្រើននាក់ ។ ក្នុងរឿង «វាលស្រែស្នេហ៍ខ្ញុំ» មានការចូលរួមសម្ដែងជាតួឯកដោយកញ្ញា ម៉ុន ផលចរិយា ហៅ រីយ៉ា និងលោក ណាខុន ជាតួឯកប្រុស ។
លោក ស៊ិន សុផាត ប្រធានគ្រប់គ្រងផលិតកម្មវិធី នៃស្ថានីយទូរទស្សន៍ កងយោធពលខេមរភូមិន្ទប៉ុស្ដិ៍លេខ៥ បានថ្លែងឲ្យដឹងថា រឿងភាគ«វាលស្រែស្នេហ៍ខ្ញុំ» ជាប្រទេសរឿងនិយាយពីស្នេហា និងការរស់នៅរបស់អ្នកស្រុកស្រែចំការ ពីព្រោះកន្លងមកភាគច្រើន ដែលស្ថានីយទូរទស្សន៍បានថត ច្រើនតែនិយាយពីជីវភាពរស់នៅ របស់អ្នកទីក្រុង ជាប្រភេទរឿងសម័យ តែរឿងនេះ ឆ្លុះបញ្ចាំងពីការរស់នៅស្រុកស្រែ ពីការប្រកបរបស់កសិកម្ម ខណៈប្រទេសកម្ពុជាយើង ជាប្រទេសកសិកម្ម ហើយប្រជាពលរដ្ឋប្រមាណ៨០% ប្រកបរបរកសិកម្ម ត្រូវតែលើកតម្កើង របរកសិកម្មរបស់ខ្មែរយើង។
លោក ស៊ិន សុផាត បានបន្តឲ្យដឹងទៀតថា រឿង «វាលស្រែស្នេហ៍ខ្ញុំ» គឺជាការសហការផលិតរួមគ្នា រវាងផលិតករខ្មែរ និងផលិតករថៃ ដើម្បីធ្វើយ៉ាងណាឲ្យសាច់រឿង មានភាពទាក់ទាញ មានគុណភាពអាចទទួលយកបាន ព្រោះយើងទទួលស្គាល់ថា ការដឹកនាំសម្ដែងរបស់ផលិតករខ្មែរ ហាក់នៅមានកម្រិត និងតែងតែមានមតិរិះគន់ ពីសំណាក់ទស្សនិកជន អ្នកទស្សនា ដូច្នេះរឿងជាបន្តបន្ទាប់ត្រូវសហការ ជាមួយផលិតករថៃ ដើម្បីទទួលបានបទពិសោធ ជំនាញ ហើយគេក៏ជួយបង្ហាត់បង្រៀន ផលិតករខ្មែរយើង តាមរយៈការផលិតខ្សែភាពយន្តភាគ នេះផងដែរ។
លោកបានបញ្ជាក់ថា ទោះបីជារឿងនេះ មានការសហការផលិតពីសំណាក់ អ្នកដឹកនាំសម្ដែងមកពីប្រទេសថៃក៏ដោយ ប៉ុន្តែក្នុងសាច់រឿងទាំងមូល ត្រូវថតឡើងជាលក្ខណៈជាខ្មែរ ទាំងការស្លៀកពាក់ ការនិយាយស្ដី ប្រពៃណីវប្បធម៌ ការប្រកបរបរកសិកម្ម និងមនោសញ្ចេតនាស្នេហា រវាងតួសម្ដែងនីមួយៗក្នុងរឿង ហើយយើងនឹងសម្រិតសម្រាំង ឲ្យមានគុណភាព តាមលក្ខណៈស្ដង់ដារអន្តរជាតិ សម្រាប់អ្នកទស្សនា។
សូមបញ្ជាក់ថា ភាពយន្តភាគរឿង «វាលស្រែស្នេហ៍ខ្ញុំ» ជារឿងបែបមនោសញ្ចេតនា បង្ហាញពីជីវិតស្នេហា រវាងកំលោះ និងក្រមុំស្រុកស្រែ ដែលបានកើតឡើងក្នុងខេត្ត បាត់ដំបង ជាស្នេហាពោរពេញ ដោយភាពផ្អែមល្ហែម ព្រមជាមួយនឹងបទចម្រៀងយ៉ាងពីរោះ បែបជនបទ បង្កើតជាទស្សនីយភាពកំប្លុកកំប្លែង សប្បាយរីករាយ ស្ទើរគ្រប់ឈុតឆាក ។ ជាមួយគ្នានេះ ក្រៅពីប្លែកអារម្មណ៍ នឹងឈុតឆាកកំប្លែង ទស្សនិកជននឹងស្លុងអារម្មណ៍ ជាមួយឈុតសោកសង្រែង កំសត់សង្វេគ ដោយសារតែបញ្ហាជាច្រើន ក្នុងផ្ទៃរឿងទាំងមូល រារាំងស្នេហារបស់កំឡោះក្រមុំមួយគូនេះ មិនឲ្យជួបគ្នាដូចក្ដីប្រាថ្នា ហើយឧបសគ្គដ៏ធំនោះគឺ រនាំងវណ្ណៈ និងគំនុំរបស់គ្រួសារ របស់អ្នកទាំងពីរ៕