(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បានរៀបចំកិច្ចពិភាក្សាតុមូលស្តីពី «សារៈសំខាន់នៃការសិក្សា» ដែលជាការតម្រង់ទិសលើការបណ្តុះបណ្តាល ធនធានមនុស្ស ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើនបន្ថែមទៀតនៅប្រទេសកម្ពុជា។
ថ្លែងនៅក្នុងការពិភាក្សាតុមូលនោះដែរ លោកបណ្ឌិត ឈុន ពហុ សាស្ត្រាចារ្យ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានចែករំលែកនូវបទពិសោធន៍ថា ការសិក្សាក្រោយឧត្តមសិក្សា គឺជាការសិក្សាលើជំនាញដោយមានការប្រើប្រាស់ការរីកចម្រើន ដើម្បីបម្រើឱ្យសង្គម។
ថ្នាក់ក្រោយឧត្តមសិក្សាមានសារៈប្រយោជន៍ខ្លាំងណាស់លើការបណ្តុះបណ្តាលធនធានមនុស្ស ធនធានប្រជាពលរដ្ឋ ដែលមានសក្តានុពលខ្លាំង ដើម្បីសម្រេចបានគោលដៅ អាស្រ័យលើទេព កោសល្យផ្ទាល់ខ្លួន ទើបការសិក្សាទទួលបានគុណភាព និងគោលបំណងចង់ធ្វើការងារនោះ។
លោកបណ្ឌិត ឈុន ពហុ បានបន្តថា ការសិក្សាថ្នាក់ក្រោយឧត្តម ក៏មានគុណប្រយោជន៍ច្រើន ទទួលបានជួបជាមួយមនុស្សដែលមានបទពិសោធន៏ក្នុងសង្គមដែលឈានទៅការបង្កើត បានទំនាក់ទំនងថ្មី និងទទួលបានបទពិសោធន៍ច្រើន និងទទួលបានឱកាសការងារថ្មីច្រើនក្នុងសង្គម។ល។ មានសមត្ថភាពខ្ពស់ក្នុងការនិយាយចរចាជាមួយមនុស្សគ្រប់ជំពូកក្នុងសង្គម មានសមត្ថភាពចាត់ចែងផែនការងារ និងមានការទទួលខុសត្រូវខ្ពស់។
លោកបណ្ឌិត ច័ន្ទ រ័ត្ន ប្រធានវិទ្យាស្ថានស្រាវជ្រាវជំនាន់ថ្មី នៃក្រសួងអប់រំ យុវជននិងកីឡា បានចែករំលែកអំពីការសិក្សាក្រោយឧត្តមសិក្សាមានសារៈ សំខាន់ពីព្រោះប្រព័ន្ធអប់រំ នៅកម្ពុជាបានកែលំអរ ស្របតាមប្រព័ន្ធអប់រំ លើពិភពលោកផ្តោតលើការស្រាវជ្រាវ ដែលជាមូលដ្ឋានគ្រឹះជំនាញ ត្រូវសិក្សាដើម្បីមានជំនាញ និងឯកទេសច្បាស់លាស់។
លោកបណ្ឌិត ច័ន្ទ រ័ត្ន បានបន្តថា ការសិក្សាថ្នាក់បណ្ឌិតមាន២ប្រភេទ គឺ៖ថ្នាក់បណ្ឌិតស្រាវជ្រាវ និងថ្នាក់បណ្ឌិតវីជ្ជាជីវៈ។ ការសិក្សាក្រោយឧត្តមសិក្សាផ្តោតលើការសិក្សាស្រាជ្រាវ និងការសិក្សាជ្រាវចំរុះ ពីព្រោះចំណេះ ដឹងថ្មីតែងតែមានថ្មីរហូត ទាមទារឱ្យមានការសិក្សាតាមប្រព័ន្ធឌីជីថលជាដើមនោះ។
លោកបណ្ឌិត បានលើកឡើងទៀតថា បញ្ហាកូវីដ-១៩ បានប្រែក្លាយកម្ពុជា ប្រើប្រាស់ប្រព័ន្ធឌីជីថល ដែលបានធ្វើឱ្យប្រព័ន្ធអប់រំកម្ពុជា បានបោះជំហ៊ាន ១០ឆ្នាំមុន លើមុខវិជ្ជាឯកទេស និងការរៀបចំផែនការឯកទេសដើម្បីអភិវឌ្ឍន៍ និងរៀបចំគោលនយោបាយជាតិលើវិស័យអប់រំ។
យោងតាមរបាយការណ៍ពីនាយកដ្ឋានឧត្តមសិក្សានៃក្រសួងអបរំ ឆ្នាំ២០១៧-២០១៨ បានឱ្យដឹងថា និស្សិតរៀនថ្នាក់ឧត្តមសិក្សាចំនួនជាង២២ម៉ឺននាក់, និស្សិតថ្នាក់បរិសញ្ញាបត្ររង មានចំនួនជាង ៣ម៉ឺននាក់, ថ្នាក់បរិញ្ញាបត្រ ចំនួនជាង១ម៉ឺននាក់។ ដោយឡែកនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មានចំនួន៩៧៥នាក់ និងថ្នាក់បណ្ឌិតចំនួន២នាក់៕