(បន្ទាយមានជ័យ)៖ លោកឧកញ៉ា ឡេង ប្រុស ប្រធានក្រុមហ៊ុនណាវ៉ាត់ត្រាខ្នាតយក្ស និងត្រូវជាបងប្រុសបង្កើតរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា តាមរយៈអង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ បានបន្តឧបត្ថម្ភថវិកា១៥០០ដុល្លារអាមេរិកទៀត ដល់អាជ្ញាធរខេត្តបន្ទាយមានជ័យ សម្រាប់ទុកជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់។
លោកឧកញ៉ា ឡេង ប្រុស នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ម្សិលមិញ ក៏បានឧបត្ថម្ភទឹកប្រាក់៥០០០ដុល្លារអាមេរិក ដល់កងកម្លាំងកំពុងជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារ ទឹកជំនន់ផងដែរ ជាពិសេសជួយដល់កម្លាំងជួយសង្គ្រោះ ក្នុងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់។
ជាមួយគ្នានេះ លោកឧកញ៉ា ឡេង ប្រុស ក៏បានអំពាវនាវដល់បងប្អូនទាំងអស់ ដែលមានធនធាន មេត្តាជួយចូលរួមចំណែកជួយគ្នា ក្នុងគ្រាលំបាកនេះ ព្រោះដើម្បីជាការចែករំលែក និងផ្ដល់នូវកម្លាំងចិត្ត ដល់បងប្អូនកងកម្លាំង ដែលកំពុងជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ និងប្រជាពលរដ្ឋរងគ្រោះ ដោយសារគ្រោះធម្មជាតិនេះ។
លោកឧកញ៉ា ឡេង ប្រុស បញ្ជាក់បន្ថែមថា ទឹកប្រាក់ ៦៥០០ដុល្លារ ដែលលោកឧបត្ថម្ភរួចហើយនោះ គឺជូនដល់បងប្អូនអាជ្ញាធរដែលកំពុងតែជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ក្នុងនោះថវិកា ២.០០០ដុល្លារ សម្រាប់កងទ័ពជើងគោក, ថវិកា ១.៥០០ដុល្លារ សម្រាប់រដ្ឋបាលខេត្តពោធិ៍សាត់ ថវិកា ១.៥០០ដុល្លារ ទៀតសម្រាប់រដ្ឋបាលខេត្តបាត់ដំបង និង១៥០០ដុល្លារ សម្រាប់រដ្ឋបាលខត្តបន្ទាយមានជ័យ។
លោកឧកញ៉ាក៏បានអំពាវនាវដល់បងប្អូនកងកម្លាំងទាំងអស់ និងប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ពេលកំពុងជួបប្រទះគ្រោះទឹកជំនន់នេះ ចៀសវាងមានហេតុការណ៍ណាមួយកើតឡើង ដោយមិនបានព្រៀងទុក៕