(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានស្នើឱ្យធ្វើវិសោធនកម្ម ច្បាប់គ្រឿងញៀនឡើងវិញ សម្តៅបង្កភាពងាយស្រួល នៅក្នុងការរឹបអូសទ្រព្យសម្បត្តិអ្នកជួញដូរគ្រឿងញៀន និងដាក់ទោសពួកគេ ឱ្យកាន់តែធ្ងន់ធ្ងរថែមទៀត។
សំណូមពររបស់ លោក នេត សាវឿន បានធ្វើឡើងនៅក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន កាលពីម្សិលមិញ ស្របពេលដែលរបាយការណ៍ បានបង្ហាញថា ចំនួនជនល្មើសគ្រឿងញៀនបានកើនឡើង ជាង៧ពាន់នាក់ នៅឆ្នាំ២០១៥។
នៅចំពោះមុខសម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, លោកនាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងថា កន្លងមកច្បាប់ស្តីពីគ្រឿងញៀន បានតម្រូវឱ្យរឹបអូសទ្រព្យសម្បត្តិរបស់អ្នកជួញដូរគ្រឿងញៀន ប៉ុន្តែទម្រាំនឹងរឹបអូសបាន មាននីតិវិធីច្រើនពេក ដែលមានផលវិបាកសម្រាប់សមត្ថកិច្ច ដូច្នេះលោកស្នើឱ្យកែសម្រួល ត្រង់ចំណុចនេះឡើងវិញ។
លោកថា «ច្បាប់ចែងប៉ុន្តែយើងមិនអាចអនុវត្តបាន (ទី១) គឺការរឹបអូសទ្រព្យសម្បត្តិអ្នកជួញដូរគ្រឿងញៀន យើងខកខានយូរឆ្នាំហើយ... ប៉ុន្តែអត់បានធ្វើដោយសារតែបែបបទ និងនីតិវិធីស្មុគស្មាញពេក អញ្ចឹងសូមធ្វើវិសោធនកម្ម»។
លោកនាយឧត្តមសេនីយ៍ ក៏បានជំរុញឱ្យកែប្រែចំណុចមួយទៀត នៃច្បាប់ពាក់ព័ន្ធនឹងគ្រឿងញៀននេះ គឺតម្រូវដាក់ទោសឱ្យកាន់តែធ្ងន់ធ្ងរដល់ជនល្មើសគ្រឿង។ លោកបានប្រៀបធៀបថា បើប្រៀបនឹងស្រុកគេកម្ពុជា នៅមានលក្ខណៈធូរស្រាលនៅឡើយ ចំពោះការដាក់ទោសលើឧក្រិដ្ឋជនគ្រឿងញៀននេះ។
លោកថា «កាត់បន្ថយគ្រឿងញៀន គឺត្រូវផ្តន្ទាទោសឱ្យបានធ្ងន់ ឥឡូវនេះបើប្រៀបជាមួយស្រុកគេ យើងនៅធូជាងគេច្រើនណាស់ ឧទាហរណ៍ ច្បាប់ស្រុកយើង ហេរ៉ូអ៊ីនចាប់ពី៨០ក្រាមទៅ បានហៅធ្ងន់ បើមេតំហ្វេតាមីន២៤០ក្រាមទៅ បានត្រូវធ្ងន់ ប៉ុន្តែស្រុកគេតែ៣០ក្រាមឡើងទៅ អាហ្នឹងគឺបទឧក្រិដ្ឋហើយ។ បទឧក្រិដ្ឋស្រុកគេមិនដូចយើងទេ បទឧក្រិដ្ឋស្រុកគេព្យួរកប្រហារជីវិត ហើយបទឧក្រិដ្ឋស្រុកយើង២០ឆ្នាំទៅមួយជីវិត»។
របាយការណ៍ដែលបង្ហាញដោយ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន បានឱ្យដឹងថាឆ្នាំ២០១៥កន្លងទៅនេះ សមត្ថកិច្ចបានបង្រ្កាបបទល្មើសគ្រឿងញៀនចំនួន៣០៦១ករណី ក្នុងនោះមានការឃាត់ខ្លួនជនល្មើស៧០០៨នាក់។ លោក នេត សាវឿន បាននិយាយថាកំណើននេះ បានកើនឡើង៣ដង បើធៀបនឹងឆ្នាំមុន៕