(សៀមរាប)៖ បំណែកបដិមា និងថ្មចម្លាក់ចំនួន ៤១ដុំ ត្រូវបានបានព្រះចៅអធិការវត្តព្រះឥន្ទទេព ព្រះគុណម្ចាស់ សែម សំ ប្រគល់ជូនអាជ្ញាធរជាតិអប្សរាថែរក្សា ខណៈបដិមាមួយចំនួនត្រូវបានសាង ឡើងតាមរចនាប័ទ្មបាយ័ន តាំងសម័យព្រះបាទជ័យវរ្ម័នទី៧ មកម្ល៉េះ។
ទាក់ទងនឹងការរក្សាវត្ថុបុរាណនេះទុក តាមព្រះចៅអធិការ សែម សំ មានសង្ឃដីកាថា ដើមឡើយបំណែកចម្លាក់ទាំង ៤១ដុំនេះ ស្ថិតនៅរាយប៉ាយក្នុងបរិវេណវត្តព្រះឥន្ទទេព ហើយខ្លះទៀតនៅផ្នែកខាងក្រោយនៃខឿនព្រះអង្គទេព។ ដូច្នេះដើម្បីឱ្យមានសុវត្ថិភាព ព្រះអង្គក៏បានប្រមូលយកមករក្សាទុកនៅក្នុរោងផ្នែកខាងត្បូងវត្ត ការពារការបាត់បង់ និងខូចខាតដោយប្រការផ្សេងៗ។
លោក ឈូក សុម៉ាឡា មន្ត្រីក្រុមចុះបញ្ជីសារពើភណ្ឌនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្នុងចំណោមចម្លាក់ទាំងនេះ មានមួយចំនួនធំជាព្រះពុទ្ធបដិមាដែលនៅសល់តែព្រះភ្នែន និងបល្ល័ង្កផ្កាឈូក ឯខ្លះទៀតឃើញមានត្រឹមព្រះបាទទ្រង់ឈរលើជើងទម្រប៉ុណ្ណោះ។ តាមការពិនិត្យឃើញថា ព្រះពុទ្ធបដិមាទាំងនេះ មានខ្លះស្ថិតនៅក្នុងរចនាប័ទ្មបាយ័នប្រហែលនាចុងសតវត្សរ៍ទី១២ ទៅដើមសតវត្សរ៍ទី១៣ និងខ្លះទៀតស្ថិតនៅក្នុងរចនាប័ទ្មសម័យកណ្តាល ប្រហែលជានៅសតវត្សរ៍ទី១៥ ឬទី១៦។
បន្ទាប់ពីបានទទួលដំណឹងពីក្រុមសម្ថកិច្ចការពារបេតិកភណ្ឌតំបន់អង្គរ ក្រុមចុះបញ្ជីសារពើភណ្ឌ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងអាជ្ញាធរអប្សរា បានចុះទៅទទួលបំណែកបដិមាខាងលើមករក្សាទុកនៅការិយាល័យនាយកដ្ឋាននៃអាជ្ញាធរជាតិអប្សរា ដើម្បីធ្វើការងារចុះបញ្ជី ថតរូប និងពិពណ៌នាទុកជាឯកសារ សម្រាប់ធ្វើការជួសជុលនៅថ្ងៃក្រោយ៕