(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើ «ក្របខណ្ឌតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ (Industrial Development Policy - IDP)» និងការរៀបចំនូវ «សូចនាករគន្លឹះកម្រិតយុទ្ធសាស្ត្រ និងកម្រិតវិស័យ» សម្រាប់ការអនុវត្ត គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជានេះ។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ទេសរដ្ឋមន្ត្រី, រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់ រាជរដ្ឋាភិបាល ។
រៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្របខណ្ឌតាមដាន និងវាយតម្លៃការអនុវត្ត IDP នេះ មាន គោលបំណង៖
១. រៀបចំឱ្យមានប្រព័ន្ធតាមដាន និងវាយតម្លៃការអនុវត្ត IDP ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ,
២. កំណត់អំពីដំណើរការ, វិធីសាស្រ្ត, យន្តការ និងស្ថាប័នទទួលខុសត្រូវក្នុងការរាយការណ៍, គ្រប់គ្រង និងវិភាគ ទិន្នន័យ និងការរៀបចំរបាយការណ៍តាមដាន និងវាយតម្លៃ
៣. កំណត់ពីបញ្ហាប្រឈម និងហានិភ័យ ក្នុង ការតាមដាន និងវាយតម្លៃ ។ ក្នុងន័យនេះ, ការតាមដាន និងវាយតម្លៃការអនុវត្ត IDP បានចែកចេញជា ៣ កម្រិត គឺ៖
* កម្រិតយុទ្ធសាស្ត្រ ឬកម្រិតម៉ាក្រូ ផ្តោតលើចក្ខុវិស័យ រួមទាំងគោលបំណង និងគោលដៅ ជាលទ្ធផលចុងក្រោយ ឬរយៈពេលវែង (Final Outcome) ដែលជាបច្ច័យចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម,
* កម្រិតវិស័យ ផ្តោតលើក្របខណ្ឌយុទ្ធសាស្ត្រ ជាលទ្ធផលបន្ទាប់ ឬ រយៈពេលមធ្យម (Immediate Outcome) នៃគោលនយោបាយ, និង
* កម្រិតប្រតិបត្តិ ផ្តោតលើវិធានការគន្លឹះបួនជាក់ស្ដែង និងវិធានការគោលនយោបាយ និងផែនការ សកម្មភាព ជាលទ្ធផលដំបូង ឬ រយៈពេលខ្លី (Outputs)។
ជារួម, អង្គប្រជុំបានឯកភាពថា ក្របខណ្ឌតាមដាន និងវាយតម្លៃនេះ នឹងដើរតួជាត្រីវិស័យក្នុងការរៀបចំ និងអនុវត្តប្រព័ន្ធតាមដាន និងវាយតម្លៃការអនុវត្ត IDP ដ៏ពេញលេញមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ, មានតម្លាភាព និងមានការចូលរួមពិគ្រោះយោបល់ពីគ្រប់តួអង្គពាក់ព័ន្ធ ដោយមានកំណត់នូវសូចនាករ និងគោលដៅថ្មីបន្ថែមទៀត ដែលអាចវាស់វែងបាន ហើយឆ្លើយតបទៅនឹងអាទិភាពនៃតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ។ ទោះបីជាយ៉ាងនេះក្តី, សូចនាករសរុបមានចំនួនច្រើន ដែលទាមទារការពិនិត្យឡើងវិញផ្អែកលើទិដ្ឋភាពទិន្នន័យ និងភាពប្រទាក់ក្រឡាគ្នាជាមួយនឹងគោលបំណង គោលនយោបាយ ដែលបានកំណត់ក្នុង IDP ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែង និងចូលរួម យ៉ាងសកម្មក្នុងការរៀបចំ និងផ្តល់ធាតុចូលដ៏មានសារៈសំខាន់ ក្នុងការរៀបចំក្របខណ្ឌតាមដាន និងវាយតម្លៃនេះ ព្រមទាំងលើកទឹកចិត្តដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តខិតខំអនុវត្ត និងផ្តល់កិច្ចសហប្រតិបត្តិការប្រកបដោយ ស្មារតីយកចិត្តទុកដាក់ខ្ពស់ តាមមុខសញ្ញា និងភាពពាក់ព័ន្ធរៀងៗខ្លួន៕