(ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីបកស្រាយបំភ្លឺចំពោះហ្វេកប៊ុកផេកឈ្មោះ «មេទ័ពក្រមុំ» ដែលបានយកព័ត៌មានចាស់តាំងពីឆ្នាំ២០១៣ មកចុះផ្សាយក្នុងគោលបំណងអាក្រក់ ដែលមានចេតនាធ្វើឲ្យប្រជាលរដ្ឋមានការយល់ច្រឡំ បំពុលបរិយាកាសសង្គម ក៏ដូចបង្ខូចកិត្តិយសរបស់សមត្ថកិច្ចនគរបាលជាតិ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សបានច្រានចោលបែបនេះ បន្ទាប់ពីហ្វេសប៊ុកផេចខាងលើនេះ បានយករូបចាស់តាំងពីឆ្នាំ២០១៣ មកផ្សាយកាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០។
រូបភាពចាស់ តាំងពីឆ្នាំ២០១៣ ដែលបានយកមកបង្ហោះឡើងវិញ នៅលើហ្វេសប៊ុកផេកឈ្មោះ «មេទ័ពក្រមុំ» បានសរសេរថា «តោះ ចុចស៊ែម្នាក់១ ទុកមើលលេង តើស្រុកខ្មែរសំបូរ ទៅដោយចោរស្របច្បាប់ ដែរឬទេ? ថ្នាក់លើសែ្រកមិនឲ្យដាក់ប៉ារ៉ាស់ ប៉ុន្តែមន្ត្រីថ្នាក់ក្រោមឱវាទរបស់ខ្លួន រត់ដេញស្ទាក់ចាប់ម៉ូតូ-ឡាន ប្រជាពលរដ្ឋពាសពេញដងផ្លូវ ដោយគគ្លើន មិនខ្លាចពលរដ្ឋបុកស្លាប់ទេ បំពានច្បាប់ទាំងគគ្លើន»។
«ចំពោះករណីនេះ ជាករណីចាស់កើតឡើងតាំងពីឆ្នាំ២០១៣មកម្ល៉េះ នៅពេលនោះមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ឈរជើងប្រចាំការនៅស្តុបសាលដឺហ្គោល បានធ្វើការឃាត់រថយន្ត០១គ្រឿង ម៉ាកសាំងយ៉ុង ១២កៅអី ពណ៌ស ផ្លាកលេខភ្នំពេញ 2Q-6521 ដែលបើកបរចេញពីផ្សារថ្មី ទិសដៅទៅខាងលិច (ដល់ស្តុបសាលដឺហ្គោល) បានបត់ទៅឆ្វេងចូលមហាវិថីព្រះមុនីវង្ស តែគាត់មិនបានឈប់ភ្លើងស្តុបពណ៌ក្រហម ទើបកម្លាំងចរាចរណ៍ធ្វើការឃាត់»។ នេះជាការបញ្ជាក់របស់ស្នងការនគរបាលរាជធានីភ្នំពេញ។
ក្នុងករណីនេះមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក និងភាគីខាងអ្នកបើកបររថយន្តបានជជែកតវ៉ាគ្នានៅគោលដៅធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និងមិនមានលទ្ធផល បន្ទាប់មកកម្លាំងនៅគោលដៅប្រចាំការ ក៏បានសុំគោលការណ៍ទៅថ្នាក់លើ ដើម្បីនាំយករថយន្តខាងលើនេះ មករក្សាទុកនៅស្នាក់នគរបាលចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការសម្របសម្រួលដោះស្រាយ និងពន្យល់ណែនាំអំពីកំហុសរបស់គាត់ ដែលបានបើកបរល្មើសភ្លើងស្តុបចរាចរណ៍ និងបើកចំហផ្នែកខាងក្រោយ។
ក្រោយពីមានការពន្យល់ណែនាំពីសមត្ថកិច្ចរួច ម្ចាស់រថយន្តក៏ព្រមទទួលស្គាល់កំហុស ហើយក៏បានបង់ប្រាក់ពិន័យតាមច្បាប់ផងដែរ ។
បន្ថែមលើនេះ សមត្ថកិច្ចកំពុងតែស្រាវជ្រាវរកម្ចាស់ផេកដែលយកព័ត៌មានចាស់តាំងពីឆ្នាំ២០១៣ មកផុសឡើងវិញ ក្នុងគោលបំណងអាក្រក់ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ បំពុលបរិយាកាសក៏ដូចជាបង្ខូចកិត្តិយសរបស់មត្ថកិច្ច៕