(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ និងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានវាយតម្លៃជាពិសេសចំពោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា-ចិន ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ម្សិលមិញ ក្នុងដំណើរទស្សនកិច្ចរបស់ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន មកកាន់កម្ពុជារយៈពេល២ថ្ងៃ។
នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ លោក សួន សេរីរដ្ឋា បាននិយាយដូច្នេះថា៖ «កម្ពុជាក្លាយជាប្រទេសគោលដៅសម្រាប់ផលិត រួចនាំចេញទៅលក់នៅទីផ្សារក្នុងប្រទេសចិន ដែលមានអ្នកទិញជាង ១៥០០លាននាក់ ! FTA ដែលកម្ពុជា ទទួលបានជាមួយចិននាពេលនេះ មានទំហំធំជាង EBA រាប់លានដងបើធៀបដង់ស៊ីតេពលរដ្ឋចិន នៃរដ្ឋាភិបាលចិនតែមួយ ជាមួយនឹងពលរដ្ឋអឺរ៉ុប នៃរដ្ឋាភិបាលអន្តររដ្ឋនៅអឺរ៉ុប»។
លោកបានបន្តទៀតថា ផលដែលបានមកពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយនេះអាចធ្វើឲ្យសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជាលោតឡើងលឿនបានខ្ពស់។ បើទោះបីពេលនេះកម្ពុជាមិនទាន់មានសមត្ថភាពផលិតគ្រប់មុខទំនិញនាំចេញទៅលក់នៅប្រទេសចិន ក៏ពិតមែនតែកម្ពុជាមានផ្ទៃដីធំ និងមានកម្លាំងពលកម្មគ្រប់គ្រាន់ សម្រាប់អ្នកវិនិយោគ អាចចូលមកបោះទុនរកវិនិយោគ ផលិត និងនាំចេញទៅទីផ្សារប្រទេសចិន ដូចដែលក្រុមអ្នកវិនិយោគធ្លាប់បានសំឡឹងឃើញពីឱកាស នាំទំនិញចេញពីកម្ពុជា ទៅទីផ្សារអឺរ៉ុប និងទីផ្សារអាមេរិក កាលពីក្រោយកម្ពុជា ទទួលបាន EBA & GSP។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ត្រូវបានចុះហត្ថលេខាជាផ្លូវការរួចរាល់ហើយ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ ដោយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក ចុង ស្សាន (Zhong Shan) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន ក្រោមសក្ខីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន នៅវិមានសន្តិភាព។
ក្រសួងពាណិជ្ជកម្មបញ្ជាក់ទៀតថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងផ្តល់ប្រយោជន៍ជាច្រើនដល់កម្ពុជាដូចជា៖
* ការទទួលបានការបើកទីផ្សារឲ្យបានធំជាងមុន និងប្រសើរជាងមុន សម្រាប់មុខទំនិញផលិតផលត្រី សាច់គ្រប់ប្រភេទ កសិផល បន្លែផ្លែឈើ ផលិតផលកែច្នៃ និងសិប្បកម្ម និងផលិតផលជាច្រើនទៀត ស្របពេលដែលកម្ពុជា អាចផលិតបាន និងអនុលោមតាមវិធានអនាម័យ និងភូតគាមអនាម័យ។
* ការទទួលបានលំហូរទីផ្សារពាណិជ្ជកម្ម សេវាកម្ម ដែលកម្ពុជាអាចនាំចេញ ក្នុងករណីមានការបណ្តុះបណ្តាលជំនាញ និងគុណវឌ្ឍិគ្រប់គ្រាន់ ជាពិសេសនៅពេលដែលកម្ពុជា អាចពង្រឹងខ្លួនឯងឲ្យរឹងមាំក្នុងវិស័យសេវាកម្មនាពេលអនាគត។ លើសពីនេះ កម្ពុជានឹងទទួលបានផលប្រយោជន៍ ពីការប្រមូលពន្ធដារ ការទទួលបានការងារ ការទទួលបានការបណ្តុះបណ្តាលចំណេះដឹង ចំណេះធ្វើជំនាញពីអ្នកផ្គត់ផ្គង់សេវា និងក្រុមហ៊ុនផ្គត់ផ្គង់សេវាបរទេស ដែលជាកត្តាសំខាន់ដើម្បីពង្រឹងដល់វិស័យផលិតកម្មក្នុងស្រុក។
* ការកំណត់ឲ្យកាន់តែច្បាស់ នូវរាល់នីតិវិធីទាក់ទងនឹងវិធានដើមកំណើតទំនិញ នីតិវិធីគយ និងកិច្ចសម្រួលពាណិជ្ជកម្ម អនាម័យនិងភូតគាមអនាម័យ និងសម្រួលដល់ការធ្វើពាណិជ្ជកម្ម។
* ការរៀបចំ និងបង្កើតនូវបរិយាកាសវិនិយោគ និងនយោបាយទាក់ទាញវិនិយោគពីបរទេសជាដើម។
កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ នឹងចូលជាធរមានក្នុងរយៈពេល៣០ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទ ដែលភាគីទាំង២បានផ្លាស់ប្តូរសេចក្តីជូនដំណឹងអំពីការបញ្ចប់នីតិវិធីផ្ទៃក្នុងរបស់ខ្លួន រួមទាំងទទួលបានការអនុម័តពីសភាជាតិនៃប្រទេសទាំង២ និងការឡាយព្រះហស្ថលេខាផ្តល់សច្ចាប័នពីព្រះមហាក្សត្រ ឬអាចចូលជាធរមាននៅកាលបរិច្ឆេទផ្សេងពីនេះ តាមការឯកភាពរវាងភាគីទាំងពីរ៕