(កំពង់ស្ពឺ)៖ កាលពីនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ទំនប់ឯកជនមួយបានបាក់ដោយសារជំនន់ទឹកភ្លៀងស្ថិតនៅភូមិជ្រាវ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ ប្រជាពលរដ្ឋដែលមានលំនៅផ្នែកខាងក្រោមទំនប់។
ហេតុការណ៍នេះ បានបណ្តាលឲ្យរលំផ្ទះទាំងស្រុង២ខ្នង លិច៩ខ្នង បាត់ម៉ូតូចំនួនពីរ គោយន្តពីរ សត្វគោមួយក្បាល និងប៉ះពាល់ផ្ទះសម្បែងចំនួន៧១គ្រួសារ។
ក្រោយមានករណីនេះកើតឡើង កាលពីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ លោក វ៉ី សំណាង អភិបាលខេត្ត និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានដឹកនាំ សមាជិកសមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុកថ្ពង អញ្ជើញចុះសាកសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌ចែកជូនក្រុមគ្រួសារ ដែលរងគ្រោះ ដោយជំនន់ទឹកភ្លៀង (បាក់ទំនប់ភ្នំអាកោនជាទំនប់របស់ឯកជន) ចំនួន៧១គ្រួសារ។
ក្នុងឱកាសនោះលោក វ៉ី សំណាង បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជួបប្រទះ នូវគ្រោះធម្មជាតិ។
លោកអភិបាលបានបន្តថា បន្ទាប់ពីទទួលបានព័ត៌មានពីអាជ្ញាធរដែនដីភូមិឃុំស្រុក អំពីការរងគ្រោះដោយជំនន់ទឹកភ្លៀង ដែលលង់លិចផ្ទះសម្បែង និងដំណាំកសិកម្មរបស់បងប្អូនភ្លាម លោកបានចុះមកដោយផ្ទាល់ ដើម្បីជួយដោះស្រាយសម្រួលការខ្វះខាតចំពោះមុខ និងបញ្ជូនបងប្អូនទៅកន្លែងទីទួលមានសុវត្ថិភាព។
លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់បងប្អូនត្រូវ ថែទាំសុខភាពឱ្យបានល្អ ដោយរស់នៅស្អាត ពិសាទឹកឆ្អិន និងគេងក្នុងមុងជានិច្ច ជាពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងស្ថានភាពធម្មជាតិកើតមាននៅកន្លែងរបស់យើងនេះ។
អំណោយដែលសាខាចែកផ្ដល់ជូនគ្រួសារដែលរលំផ្ទះទាំងស្រុងដោយសារទឹកហូរកាត់ខ្លាំងទទួលបានរួមមាន៖ អង្ករ ២៥ គីឡូក្រាម មី ១កេស ទឹកស៊ីអ៉ីវ ១យួរ ត្រីខ ១០ កំប៉ុង ឃីត ១កញ្ចប់ នំធុង ១ធុង ប្រេងឆា ១ដប និងថវិកា១០០,០០០រៀល ហើយសម្រាប់ពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់រួមមាន៖ អង្ករ ២៥ គីឡូក្រាម មី ១កេស ទឹកស៊ីអ៉ីវ ១យួរ ត្រីខ ១០ កំប៉ុង នំធុង ១ធុង ប្រេងឆា១ ដប និងថវិកា ៤០,០០០រៀល ៕